ភ្នំពេញ ៖ យុវជន ១ក្រុម កំពុងអង្គុយជុំគ្នាលេង ស្រាប់តែលេចមុខក្រុមក្មេងទំនើង ១ក្រុម (គូទំនាស់ពីមុន) ជិះម៉ូតូជាច្រើនគ្រឿង និងប្រដាប់ដោយកាំបិតប៉័ងតោ គ្រប់ដៃ បានធ្វើសកម្មភាពស្ទុះចូលមកសងសឹក ប៉ុន្តែមិនហ៊ានកាប់មនុស្ស បែរជាព្រួតគ្នាកាប់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យរងការខូចខាតអស់ចំនួន ២គ្រឿង បន្ទាប់មកបាននាំគ្នាឡើងជិះម៉ូតូ គេចខ្លួនបាត់អស់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅត្រង់ ចំណុចស្តុបដេអិន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
តាមប្រភពពីក្រុមយុវជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ ពួកគេបាននាំគ្នាមកអង្គុយលេងនៅកន្លែងប៉ះកង់ម៉ូតូ កែងស្តុបដេអិន (ទីតាំងកើតហេតុ) ហើយស្របពេលនោះ មានយុវជនមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង ចូលមកកន្លែងកើតហេតុ ដើម្បីសប់កង់។

ជនរងគ្រោះ បន្តថា ខណៈពេលនោះ ក្រុមជនបង្កហេតុ បានដកកាំបិតប៉័ងតោ កាន់គ្រប់ដៃ ហើយរត់សំដៅទៅរកក្រុមពួកគេ តែមិនបានកាប់ពួកគេឡើយ បែរជាធ្វីសកម្មភាពកាប់ចិញ្ច្រាំម៉ូតូរបស់ពួកខ្លួន ចំនួន ២គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ រួចផ្តាច់ស្លាកលេខ និងម៉ូតូម៉ាក Honda Scoppy ខូចខាតកុងទ័រផងដែរ។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ក្រុមយុវជនបង្កហេតុ បាននាំគ្នាជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ រួចនាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដេប៉ូទី៣ ដើម្បីធ្វើការដាក់ពាក្យប្តឹង និងបន្តស្វែងរកក្រុមយុវជនបង្កហេតុ យកមកផ្តន្ទាទោសតាមច្បាប់៕