ភ្នំពេញ៖ ស្រ្តីម្នាក់ជិះម៉ូតូចេញពីធ្វើការត្រលប់ទៅផ្ទះវិញត្រូវបានជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយមិនបានសម្រេចបណ្ដាលឲ្យដួលម៉ូតូត្រូវជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ បានចុះលើកម៉ូតូរបស់ជនរងគ្រោះជិះយកទៅបាត់ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅមុខរោងចក្រគួងហុង តាមផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ អ៊ុំ រដ្ឋាភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកហាងស្នាក់នៅផ្ទះជួល ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅខេត្តកណ្តាល ម៉ូតូដែលជនសង្ស័យសង្ស័យប្លន់យកទៅម៉ាក ZOOMERX ពណ៌ស សេរីឆ្នាំ២០១៣ពាក់ស្លាកលេខ ភ្នំពេញ 1CV 6453 ។
តាមសម្ដីជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុរូបនាងទើបនឹងចេញពីធ្វើការនៅម្តុំហាងម្លប់ស្វាយ៩៩ ដែលស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន គោលបំណងត្រលប់ទៅផ្ទះវិញនៅក្រុងតាខ្មៅ ដោយបានជិះម៉ូតូម៉ាក ZOOMER X ពណ៌សរ ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែជនសង្ស័យ២នាក់ បានជិះម៉ូតូមិនចាំម៉ាក១គ្រឿង មកពីក្រោយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីរូបនាង តែឆក់មិនបានសំរេចធ្វើអោយម៉ូតូរបស់នាងដួល រងរបួសរលាត់ដៃជើង ឆ្លៀតពេលកំពុងតែដួលម៉ូតូ ស្រាប់តែជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានចុះមកលើកយកម៉ូតូរបស់នាងនាំគ្នីគ្នាជិះយកទៅបាត់ ។ ភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅសាកសួរ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ។
ខណ:នៅពេលកំពុងសាកសួរ ក៍ស្រាប់តែមានលឺដំណឹងថា ខាងកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានចូលឆែកឆេរផ្ទះសំណាក់យីហោហេង វ៉េងស្រេង ដែលស្ថិតនៅផ្លូវ៣៧១សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ឃើញម៉ូតូស្រដៀងដូចគ្នាជាមួយនឹងម៉ូតូជនរងគ្រោះព្រមទាំងមានស្នាមកាច់ស្លាកលេខ ព្រមទាំងឃាត់មនុស្សប្រុសចំនួន៤នាក់ រួចហើយបាននាំនារីរងគ្រោះឲ្យទៅមើលម៉ូតូ តែពេលទៅមើលឃើញថា មិនមែនជាម៉ូតូរបស់នាងនោះទេ ។
បន្ទាប់ពីនាំជនរងគ្រោះទៅមើល ថាមិនមែនជាម៉ូតូរបស់នាងហើយនោះ ម៉ូតូដែលដែលមានស្នាមកាច់ស្លាកលេខ ព្រមទាំងមនុស្សចំនួន៣នាក់ ត្រូវនាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ធានខណ្ឌចំការមន ចំណែកបុរសម្នាក់ទៀត ត្រូវបាននាំខ្លួនទៅសាកសួរនៅបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមន ៕
ដោយៈ ណន រ៉ាត់