ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ទើបនឹងចេញពីងូតទឹក បានយកដៃកាន់ឌុយដោតចូលព្រីភ្លើង (ទាំងដៃសើម) ធ្វើឱ្យឆ្លងចរន្ត ឆក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណាចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះប៉ាង ប៉ិច ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នស្នាក់នៅភូមិកើតហេតុខាងលើ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនរងគ្រោះទើបនឹងចេញមកពីងូតទឹក ដោយខ្លួនប្រាណនិងដៃនៅសើមនៅឡើយ បន្ទាប់មកជនរងគ្រោះ បានដើរទៅកាន់ឌុយ ដោតចូលព្រីភ្លើង ស្រាប់តែរំពេចនោះ ឆ្លងចរន្តអគ្គិសនី ឆក់បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ភ្លាមនោះ ក្រុមគ្រួសារជនរងគ្រោះ ប្រញាប់ស្ទុះទៅបិទបារ៉ែតភ្លើង ដើម្បីសង្គ្រោះជនរងគ្រោះភ្លាមៗដែរ តែអកុសល យឺតពេលទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕