Monday, September 23, 2024
Homeព័ត៌មានជាតិបង្អកស្រាក្រមុំស្រវឹង ដឹកទៅរំលោភ

បង្អកស្រាក្រមុំស្រវឹង ដឹកទៅរំលោភ

ខេត្តកំពង់ធំ ៖ យុវតីម្នាក់ បានជិះម៉ូតូទៅរកទិញកាតទូរស័ព្ទ លុះត្រឡប់មកវិញនៅតាមផ្លូវ ជួបបុរសម្នាក់ ជាមនុស្ស ស្គាល់គ្នា បបួលផឹកស៊ីសិន ក៏ត្រូវប្រុសនោះបង្អកស្រាបៀរ អស់៥កំប៉ុង រហូតស្រវឹងខ្លាំង ជិះម៉ូតូទៅផ្ទះខ្លួនឯងមិនរួច ក៏ពឹងឱ្យជនសង្ស័យ ជួយដឹកទៅផ្ទះ ស្រាប់តែជនសង្ស័យដឹកបង្ហួសយកទៅកន្លែងស្ងាត់ ចាប់រំលោភរហូតដល់បាន សម្រេច។ លុះក្រុមគ្រួសារនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចអូរធំ ស្ថិតក្នុងភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ែល ស៊ីណាក់ ហៅនេត មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកយុវតីរងគ្រោះ មានអាយុ១៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ យុវតីរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ជាមួយប្អូនប្រុសរបស់ខ្លួន ចេញទៅរកទិញកាតទូរស័ព្ទ និងហួសទៅផ្ទះជីដូនរបស់ខ្លួន ដើម្បីសួរនាំរឿងដាំដំឡូង។ លុះពេលត្រឡប់មកផ្ទះវិញ ក៏ឆ្លៀតចូលមើលគេលេងបាល់ និងបានជួបជាមួយជនសង្ស័យឈ្មោះអ៊ែល ស៊ីណាក់ ហៅនេត ពេលនោះ ជនសង្ស័យ បានបបួលនាងទៅផឹកស្រាបៀរជាមួយគ្នា។

ប្រភពដដែល បន្តថា ក្រោយមក បន្ទាប់ពីត្រូវជនសង្ស័យបង្អកស្រាបៀរ ឲ្យលើកដាច់សាច់ស្អាត អស់ចំនួន៥កំប៉ុង យុវតីរងគ្រោះ ស្រវឹងខ្លាំង ជិះម៉ូតូត្រឡប់ទៅផ្ទះវិញដោយខ្លួនឯងមិនរួច ទើបពឹងឱ្យជនសង្ស័យ ជួយជូនទៅផ្ទះ។ ពេលនោះ ជនសង្ស័យបានឡើងជិះម៉ូតូ ដឹកយុវតីរងគ្រោះត្រឡប់ទៅផ្ទះវិញ លុះពេលធ្វើដំណើរដល់ផ្ទះរបស់យុវតីរងគ្រោះ ជនសង្ស័យមិនព្រមឈប់ រួចក៏ដឹកបង្ហួសទៅ ហើយពេលនោះដែរ ស្ត្រីជាម្តាយរបស់យុវតីរងគ្រោះ បានឃើញកូនស្រីជិះម៉ូតូជាមួយជនសង្ស័យ ក៏បានស្រែកហៅឱ្យឈប់ដែរ តែជនសង្ស័យមិនឈប់ បន្តជិះដឹកយុវតីរងគ្រោះ រហូតដល់ចំណុចអូរធំ ក៏បានឈប់ម៉ូតូ ចាប់រំលោភយុវតីរងគ្រោះ រហូតដល់បានសម្រេចតែម្តង។

ក្រោយកើតហេតុ បុរសជាឪពុករបស់យុវតីរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយនឹងយុវតីរងគ្រោះ បានសម្រេចម្តងប្រាកដមែន ប៉ុន្តែមិនមែនជាករណីរំលោភនោះទេ គឺពួកគេត្រូវរ៉ូវគ្នារួមភេទ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានរៀបចំកសាងសំណុំរឿង បញ្ផូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES