Monday, September 23, 2024
Homeព័ត៌មានជាតិចោរស៊យ ឆក់ទូរស័ព្ទមិនបាន ដួលម៉ូតូ រត់ចោល

ចោរស៊យ ឆក់ទូរស័ព្ទមិនបាន ដួលម៉ូតូ រត់ចោល

ភ្នំពេញ : ជនសង្ស័ម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះម្នាក់ តែស៊យ ឆក់អត់បានហើយថែមទាំងដួលម៉ូតូ ក៏រត់ចោលម៉ូតូទៀត។

តាមប្រភពការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២៣និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១ នាក់ នៅចំណុចសួនច្បារមាត់ទន្លេ ផ្លូវមាត់ទន្លេ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលេខ២០១១ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៤និង២០នាទី បញ្ជូនមកការិយាល័យ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យ មានឈ្មោះ វ៉ែន រ៉ានុត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ លេខតួ -លេខម៉ាស៊ីន ៦៩៩៣២ ពាក់ផ្លាកលេខ ភ្នំពេញ ១JK០៧៣៣ ។ ជនរងគ្រោះ ឈ្មោះម៉េង សុធុន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានលំនៅ ផ្ទះលេខអា៥ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៤និង២០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ១៣ប្រូម៉េក មិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូ ហើយរត់ចោលម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ លេខតួ-លេខម៉ាស៊ីន ៦៩៩៣២ ពាក់ផ្លាកលេខ ភ្នំពេញ ១JK-០៧៣៣) ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលេខ២០១១ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ ចំនួន០២នាក់ ជិះម៉ូតូ ចំនួន០១គ្រឿង មានឈ្មោះ ក្តឹប ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JK- ០៧៣៣ (ម៉ូតូរបស់ឈ្មោះ ហៀង ឡៃហាត ហៅឡាង) ដឹកឈ្មោះ វ៉ែន រ៉ានុត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ចេញពីអង្គុយលេងនៅសួនច្បារ ក្នុងបុរីឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅពេលជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះឈ្មោះ ម៉េង សុធុន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ កំពុងជិះម៉ូតូដឹកគ្នា ដោយជនរងគ្រោះអង្គុយខាងក្រោយ ហើយយកទូរស័ព្ទដៃម៉ាកអាយហ្វូន ១៣ប្រូម៉េក មកចុច ពេលនោះជនសង្ស័យឈ្មោះ ក្តឹប បានបើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយឈ្មោះ ក្តឹប បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះ តែមិនបានសម្រេច ដោយពេលជនសង្ស័យធ្វើសកម្មភាពលូកដៃឆក់យកទូរស័ព្ទពីជនរងគ្រោះ ពេលនោះម៉ូតូរបស់ជនសង្ស័យ បានរេចង្កូតទៅទាក់ដៃម៉ូតូជនរងគ្រោះ បណ្តាលឲ្យម៉ូតូរបស់ជនសង្ស័យ ដួលទៅលើថ្នល់។ ភ្លាមនោះ ជនសង្ស័យឈ្មោះក្តឹប និងឈ្មោះវ៉ែន រ៉ានុត បាននាំគ្នារត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូ ជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ លេខតួ-លេខម៉ាស៊ីន៦៩៩៣២ ពាក់ផ្លាកលេខ ភ្នំពេញ ១JK-០៧៣៣ នៅកន្លែងកើតហេតុ ។

បន្ទាប់មក សមត្ថកិច្ចបានចុះទៅធ្វើការចាប់យកម៉ូតូនេះ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បីធ្វើការស្រាវជ្រាវបន្ត ។

ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

RELATED ARTICLES