ភ្នំពេញ ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម បានបើកឆាកប្រយុទ្ធ កាប់ចាក់គ្នាទៅវិញទៅមក បណ្តាលឱ្យយុវជនម្នាក់ រងរបួសដៃ ជាច្រើនកាំបិត និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់មកសមត្ថកិច្ច បានចុះអន្តរាគមន៍ ឃាត់ភាគីទាំងសងខាង ចំនួន៨នាក់ យកទៅសាកសួរ។
ករណីអំពើហិង្សា ដែលបង្កឡើងដោយក្រុមក្មេងស្ទាវដេញកាប់ចាក់គ្នានេះ បានកើតឡើង កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនចំនួន២ក្រុម បាននាំគ្នាវាយគ្នាទៅវិញទៅមក ដោយភាគីជនបង្កហេតុ មានគ្នា ៤នាក់ ប្រដាប់ដោយកាំបិត ចំនួន១ និង៣នាក់ទៀត វាយដោយដៃ។ ចំណែកភាគីជនរងគ្រោះ មានគ្នា៥នាក់ ហើយបាននាំគ្នាវាយគ្នាទៅវិញទៅមក ក៏ត្រូវភាគីជនបង្កហេតុ ដែលមានគ្នា៤នាក់ បានកាប់ទៅលើភាគីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ហើយត្រូវបានបងប្អូន និងមិត្តភក្តិ នាំគ្នាបញ្ជូនទៅមន្ទីរពេទ្យឯកជនភ្លាមៗ។

ប្រភពដដែល បន្តថា បន្ទាប់ពីជនរងគ្រោះម្នាក់ រងរបួសធ្ងន់ ភាគីរងគ្រោះដែលមានរបួសស្រាល បានប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីចុះមកទីតាំងកន្លែងកើតហេតុភ្លាមៗ សាកសួរ និងបានឃាត់ខ្លួនក្រុមជនបង្កហេតុ ចំនួន៤នាក់ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី៣។ ចំណែកភាគីរងគ្រោះ ចំនួន៥នាក់ ក្នុងនោះជនរងគ្រោះម្នាក់ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយនៅសល់៤នាក់ទៀត ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ហៅទៅសាកសួរផងដែរ ដោយភាគីទាំងសងខាង បានចោទដាក់គ្នាទៅវិញទៅមក។
ក្រោយមក ក្រុមជនបង្កហេតុ ចំនួន៤នាក់ ក្នុងនោះមានម្នាក់ បានសារភាពថា ខ្លួនពិតជាបានយកកាំបិតកាប់ទៅលើភាគីម្ខាងទៀត បណ្តាលឱ្យរងរបួសប្រាកដមែន។ ចំណែកភាគីទាំងសងខាង ក្រៅពីខ្លួនបានវាយគ្នាដោយដៃទៅវិញទៅមក។

ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានសាកសួររួច ក៏បាននាំជនរងគ្រោះដែលរងរបួសធ្ងន់ មកសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ភ្លាមៗ ដោយជនរងគ្រោះ ទាមទារសំណងថ្លៃព្យាបាល ចំនួន៨០០ដុល្លារ តែភាគីម្ខាងទៀត មិនមានលុយសម្រាប់ ដោះស្រាយឱ្យជនរងគ្រោះ ទើបសមត្ថកិច្ចសម្រេចបញ្ជូនជនបង្កហេតុទាំង៤នាក់ និងបក្ខពួកជនរងគ្រោះ៤នាក់ យកទៅសាកសួរនៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីបន្ត។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ សមត្ថកិច្ចឱ្យក្រុមគ្រួសារនាំយកទៅព្យាបាលសិន៕