ខេត្តព្រៃវែង ៖ ដូនចាស់វ័យ ៨៥ឆ្នាំម្នាក់ ហេតុតែមិនចង់ឱ្យកូនចៅលំបាកមើលថែខ្លួនដែលជាមនុស្សចាស់ជរា ទើបសម្រេចសុំកូនចៅសង់កូនខ្ទមរស់នៅដាច់ដោយឡែកតែឯង ជាហេតុធ្វើឱ្យជួបការលំបាកយ៉ាងខ្លាំង ខណៈដែលកូនខ្ទមសង់ប្របមាត់ទឹក មានសភាពទ្រុឌទ្រោម ពុកផុយ រីឯដំបូលលិចទឹកទៀតផង។
លោកយាយវ័យ៨៥ឆ្នាំ នោះ មានឈ្មោះជិន ភឿន សព្វថ្ងៃរស់នៅក្នុងកូនខ្ទមចាស់ទ្រុឌទ្រោមតែម្នាក់ឯង ស្ថិតក្នុងភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង។

ដោយមើលឃើញពីទុក្ខលំបាករបស់ដូនចាស់ខាងលើ ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ-បរិភោគ សម្ភារ:ប្រើប្រាស់ សម្លៀកបំពាក់ និងថវិកាមួយចំនួន ជូនដល់លោកយាយជិន ភឿន ដើម្បីបានដោះស្រាយទុក្ខលំបាក។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយ។
លោកស្រីបានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាករបស់លោកយាយ សម្តេច បានសម្តែងនូវក្តីអាណិតអាសូរ ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗ ដើម្បីពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែង និងនាំយកអំណោយជួយសម្រាលការលំបាកក្នុងការរស់នៅរបស់លោកយាយ។ ទន្ទឹមនឹងនេះ ដោយហេតុថា លោកយាយក៏នៅមានកូនចៅនៅក្បែរ ជួយមើលថែទាំផងដែរ ប៉ុន្តែដោយសារតែបំណងរបស់លោកយាយ ចង់រស់នៅតែម្នាក់ឯងនោះ ទើបធ្វើឱ្យស្ថានភាពរបស់លោកយាយ មានការលំបាក ដូចពេលនេះ។ ហេតុដូចនេះ សូមឱ្យកូនៗចៅៗ នៅបន្តថែទាំលោកយាយ បំពេញភាពកតញ្ញូ ឱ្យគាត់រស់នៅបានល្អប្រសើរបន្តទៅមុខទៀត។

ជាមួយគ្នានោះដែរ ដោយមើលឃើញថា ផ្ទះរបស់លោកយាយមានសភាពចាស់ទ្រុឌទ្រោម ហើយដំបូលលិចទឹកផងនោះ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកស្រីអគ្គលេខាធិការរងទី១ ក៏បានណែនាំដល់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមេសាង ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយជួសជុលផ្ទះ និងរៀបចំលំនៅឋានរបស់លោកយាយ ឱ្យបានសមរម្យ ខ្ពស់ផុតពីទឹក ហើយមានបន្ទប់ទឹកក្នុងផ្ទះ ដែលមិននាំឱ្យលោកយាយពិបាកដើររកបន្ទប់ទឹក ឆ្ងាយដូចមុនឡើយ ហើយការចំណាយ ជាបន្ទុក របស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

បន្ទាប់ពីទទួលបានការឧបត្ថម្ភខាងលើនេះ លោកយាយ ជិន ភឿន បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីជីវភាពរស់នៅរបស់លោកយាយ រួមជាមួយអំណោយមនុស្សធម៌ ជួយសម្រាលការលំបាក និងការជួយជួសជុលផ្ទះឱ្យបានសមរម្យទៀតផង៕