Tuesday, September 17, 2024
Homeព័ត៌មានជាតិបង្ក្រាបក្រុមចោរកាប់ប្លន់ម៉ូតូ វ៉ៃខ្នោះ៣នាក់

បង្ក្រាបក្រុមចោរកាប់ប្លន់ម៉ូតូ វ៉ៃខ្នោះ៣នាក់

ខេត្តតាកែវ ៖ ជនសង្ស័យ ១ក្រុម ដែលជាមុខសញ្ញាឆក់ និងកាប់ប្លន់ម៉ូតូប្រជាពលរដ្ឋ តែងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រស្រុកបាទី ត្រូវបានសមត្ថកិច្ចជំនាញ បើកប្រតិបត្តិការបង្ក្រាប ដោយចាប់ឃាត់ខ្លួនបានចំនួន៣នាក់ ព្រមទាំដកហូតបានម៉ូតូ ចំនួន២គ្រឿងប្រគល់ជូនម្ចាស់ដើមវិញផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើង ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាល ស្រុកបាទី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំដោយលោកអនុសេនីយ៍ឯក ឃុត ចិត្រា អធិការរងទទួលផែនការងារយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកុមារាជា បានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ នៅត្រង់ចំណុច ឃុំកុមារាជា ស្រុកបាទី។

ជនសង្ស័យទាំង៣នាក់ដែលត្រូវបានចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះរ៉េត ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី។ ទី២-ឈ្មោះវ៉ន ចន្ថា ហៅវ៉ិត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី និងទី៣-ឈ្មោះ លោ ភារ័ត្ន ហៅបូរី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម៉ូតូ ចំនួន៤គ្រឿង (ម៉ូតូជនសង្ស័យ ២គ្រឿង និងម៉ូតូជនរងគ្រោះ ២គ្រឿង) និងស្លាកលេខម៉ូតូ ចំនួន៣ស្លាក។

ប្រភពដដែល បញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំង៣ ជាមុខសញ្ញាលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) និងឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រស្រុកបាទី ដូចជាបណ្តោយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវលេខ122A (ចាប់ពីវត្តអង្គរោង ដល់សាលាវិទ្យាល័យបាទី) ផ្លូវលេខ១២២ (ចាប់ពីផ្សារសំរោងយ៉ោង ដល់ផ្សារត្រាំខ្នារ)។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបនតាមនីតិវិធី។

ដោយឡែក ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានប្រគល់ម៉ូតូ ចំនួន២គ្រឿង ឱ្យជនរងគ្រោះ ក្នុងករណីកាប់ប្លន់យកម៉ូតូ ដើម្បីយកទៅប្រើប្រាស់វិញ៕

RELATED ARTICLES