Tuesday, September 17, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះអ្នកលេងដាវ៣នាក់ កាប់មនុស្សនិងម៉ូតូ ខ្ទេច៤គ្រឿង

វ៉ៃខ្នោះអ្នកលេងដាវ៣នាក់ កាប់មនុស្សនិងម៉ូតូ ខ្ទេច៤គ្រឿង

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវបាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន យកមកសាកសួរ និងបញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះជីង ឆាំងឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់អន ឡាញ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ៧ សង្កាត់កន្ទោក ខណ្ឌកំបូល។ ទី២-ឈ្មោះហ៊ន វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យកំបូល ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៧ សង្កាត់កន្ទោក ខណ្ឌកំបូល និងទី៣-ឈ្មោះទី សត្រារដ្ឋា ហៅទូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង បានជនសង្ស័យចំនួន៣នាក់ នៅចំណុចមុខវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ និងកាំបិតប៉័ងតោ កាប់លើជនរងគ្រោះ បណ្តាលឱ្យរងរបួសស្រាល និងកាប់ម៉ូតូបណ្តាលឱ្យខូចខាត ចំនួន៤គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ផ្លូវលេខ១៩៧០កែង១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ចំណែកវត្ថុតាងដែលត្រូវបានសមត្ថកិច្ចចាប់យក រួមមាន ដាវកែច្នៃ ចំនួន១ដើម។ ម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JH-4665 ជារបស់ជនរងគ្រោះឈ្មោះហ៊ាង ពឹងក្វាន់ ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES