Tuesday, September 17, 2024
Homeព័ត៌មានជាតិចោរឆក់ ជិះម៉ូតូបំបុក វ៉ៃប៉ូលិសរយះក្បាល

ចោរឆក់ ជិះម៉ូតូបំបុក វ៉ៃប៉ូលិសរយះក្បាល

ខេត្តកំពង់ធំ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម្នាក់ តែមិនបានសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូ រងរបួសយ៉ាងដំណំ ភ្លាមនោះ សមត្ថកិច្ចល្បាតប្រទះឃើញ ក៏ប្រដេញតាម ស្រាប់តែត្រូវបក្ខពួកជនសង្ស័យ (ក្រុមបិទគូទ) ជិះម៉ូតូបំបុក រួចចុះវាយមន្ត្រីនគរបាល ១រូប ជានាយរងប៉ុស្តិ៍ បណ្តាលឱ្យរងរបួស រយះក្បាល បន្ទាប់មកបាននាំគ្នារត់គេច ខ្លួនដោយបន្សល់ទុកម៉ូតូ ១គ្រឿង លុះស្អែកឡើង ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ក្របួចជាប់ម្នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង។ រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ នាំយកមកសាកសួរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ធត ធឿន ហៅធត ឡឺយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពពាយ ឃុំទ្រា ស្រុកស្ទោង។ ចំណែកជនរងគ្រោះ ជាម្ចាស់ទូរស័ព្ទ មានឈ្មោះព្រឿន ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់ប្រដំ ឃុំម្សាក្រង ស្រុកស្ទោង ( រងរបួសក្បាលជង្គង់ និងកែងដៃខាងឆ្វេង)។ ដោយឡែកសមត្ថកិច្ចដែលរងគ្រោះ ដោយស្នាដៃក្រុមជនសង្ស័យជិះម៉ូតូបំបុក និងវាយនោះ មានឈ្មោះហ៊ាង ចាន់ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានឋានៈជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា (រងរបួសក្បាលប្រវែងប្រវែង ៦សង់ទីម៉ែត្រ)។

លោកវរសេនីយ៍ទោ វ៉ន សុភណ្ឌ អធិការងនគរបាលស្រុកស្ទោង ទទួលផ្នែកព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង មានករណីឆក់ទូរស័ព្ទដៃ បានកើតឡើង តែមិនបានសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូ រងរបួសក្បាលជង្គង់ និងកែងដៃខាងឆ្វេង។

លោកអធិការង បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង តាមផ្លូវកៅស៊ូចេញពីទំនប់ ៣០កញ្ញា លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូ ១គ្រឿង ជិះគ្នា២នាក់ បានធ្វើសកម្មភាពឆក់យកទូស័ព្ទដៃពីជនរងគ្រោះ តែមិនបានសម្រេច និងធ្វើឱ្យជនរងគ្រោះដួលម៉ូតូ រងរបួស ខណៈពេលនោះ មានម៉ូតូ ១គ្រឿងទៀត ជិះធ្វើសកម្មភាពបិទគូទពីក្រោយ យ៉ាងលឿន ឆ្ពោះទៅទិសខាងលិច។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានដេញតាម រហូតដល់ភូមិកុចទីទុយ ក្នុងឃុំទ្រា ក្រុមជនសង្ស័យ ក៏បានជួបនឹងកម្លាំងសមត្ថកិច្ចដែលកំពុងតែដើរល្បាតតាមផ្លូវ ពេលនោះពួកជនសង្ស័យ បានបើកម៉ូតូបំបុក និងវាយមកលើកម្លាំងនគរបាល បណ្តាលឱ្យរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ព្យាបាលរបួសភ្លាមៗ ហើយជនសង្ស័យ បានរត់គេចខ្លួន ដោយទុកចោលម៉ូតូ ចំនួន១គ្រឿង ម៉ាកស៊ុយស៊ូគី ឡែត (Suzuki Let’s 110cc) ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1K-3789 ស៊េរីឆ្នាំ២០១៨ នៅនឹងកន្លែងកើតហេតុ។

រហូតដល់ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកបក្ខពួកជនសង្ស័យផ្សេងទៀត សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់ឱ្យខាងតែបាន៕

RELATED ARTICLES