ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានកម្លាំងសន្តិសុខក្រុមហ៊ុនឯកជន CISS ចាប់ឃាត់ខ្លួនប្រគល់ឲ្យ នគរបាលព្រម្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីជនសង្ស័យរូបនេះ បានដើរធ្វើសកម្មភាពលួចតាមបន្ទប់ជួល ហើយប្រទះឃើញនារីវ័យក្មេងរូបស្រស់ម្នាក់ បែជាចាប់ចងដៃ ចងជើង ហែកវះខោ ប៉ុនប៉ងរំលោភសេពសន្ទវៈ តែមិនបានសម្រេច ដោយសារនារីរងគ្រោះ ស្រែកផ្អើលឲ្យអ្នកជិតខាងជួយ ធ្វើឲ្យជនសង្ស័យ ភ័យរត់គេចខ្លួន កាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់ជនរងគ្រោះ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេល៥ថ្ងៃ រហូតដល់វេលាម៉ោង៥ព្រឹកថ្ងៃទី២២ ខែធ្នូ ប្រទះឃើញមុខជនសង្ស័យនៅបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ចាប់ខ្លួនដឹកយកទៅប្រគល់ឲ្យប៉ូលិសតែម្តង ។
ជនសង្ស័យខាងលើមានឈ្មោះ នី សត្យា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាសន្តិសុខ ក្រុមហ៊ុនឯកជន CISS ស្នាក់នៅ បន្ទប់ជួល ក្បែររោងចក្រសាន់ស្កាយ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស ណ អាយុ១៧ឆ្នាំ រស់នៅភូមិកាប់ជ្រូក សង្កាត់សំរោងក្រោម ទីដែលជនសង្ស័យធ្វើសកម្មភាព ។
តាមនគរបាលបានឲ្យដឹងថា កាលពីយប់ថ្ងៃកើតហេតុ ជនសង្ស័យបានជិះកង់ ដើរលួចទ្រព្យសម្បត្តិតាមបន្ទប់ជួលរបស់កម្មករ លុះដល់ចំណុចបន្ទប់ជួលនារីរងគ្រោះ ប្រទះឃើញនារីរងគ្រោះកំពុងដេកសម្រាកក្នុងបន្ទប់ ជនសង្ស័យឈប់លួចទ្រព្យសម្បត្តិហើយ បែជាបែកគំនិតប៉ុនប៉ងលួចប្លន់យកព្រហ្មចារីយ៍វិញម្តង ចាប់ចងដៃ ចងជើង ហែក វះ ខោជនរងគ្រោះ បំណង់ចាប់រំលោភ តែមិនបានសម្រេច បន្ទាប់ពីនារីរងគ្រោះស្រែកផ្អើលអ្នកជិតខាង ចេញមកអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យភិតភ័យ រត់គេចខ្លួន ។
ប្រភពបន្តទៀតថា ក្រោយកើតហេតុភាព ជនរងគ្រោះបានទូរស័ព្ទរាយការណ៍ប្តឹងប៉ូលិស ខណៈដែលបន្សល់ទុកនៅកន្លែងកើតហេតុ អាវ សន្តិសុខ និងកាត សន្តិសុខ CISS ទើបសមត្ថកិច្ខធ្វើការស្រាវជ្រាវ ហៅតំណាងក្រុមហ៊ុន សន្តិសុខ CISS ទៅសាកសួរ តែត្រូវបាន ខាងក្រុមហ៊ុនសន្តិសុខ ឆ្លើយតប ជនសង្ស័យខាងលើ អតីត ពិតជាបម្រើការងារ នៅក្រុមហ៊ុនមែន តែដោយសារមិនគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ត្រូវបានបញ្ឈប់ ។
ដោយមានកិច្ចសហការ រវាងកម្លាំងជំនាញខណ្ឌ និងក្រុមហ៊ុន សន្តិសុខ ធ្វើការស្រាវជ្រាវ ក្រោយពីជនសង្ស័យប្រព្រឹត្តល្មើសរួចរត់គេចខ្លួន លុះរហូតដល់ វេលាម៉ោង៥ព្រឹកថ្ងៃទី២២ ខែធ្នូនេះ ក្រុមសន្តិសុខ ប្រទះឃើញជនសង្ស័យនៅក្នុងបន្ទប់ជួល ចាប់ឃាត់ខ្លួន ដឹកយកទៅប្រគល់ឥ្យនគរបាលព្រម្មទណ្ឌខណ្ឌពោធិ៍សែនជ័យតែម្តង ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕