ភ្នំពេញ ៖ រថយន្តសាំងយ៉ុង ១គ្រឿង ត្រូវបានចតទុកចោលនៅក្នុងផ្ទះមួយកន្លែង ប៉ុន្មានថ្ងៃមកហើយ ខណៈដែលម្ចាស់រវល់ជូនប្រពន្ធទៅសម្រាលកូន នៅមន្ទីរពេទ្យ ស្រាប់តែត្រូវបានអគ្គិភ័យឆាបឆេះ បង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង និងត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ បាញ់ពន្លត់ភ្លើង ដោយមិនធ្វើឱ្យរាលដាលឆេះដល់ផ្ទះនោះឡើយ។

ហេតុការណ៍ភ្លើងឆេះរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ 287A ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែន។

រថយន្តដែរត្រូវភ្លើងឆេះខូចខាតអស់ទាំងស្រុង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-2834 ជារថយន្តរបស់ក្រុមហ៊ុន ណេតឈ័រ ហ្វាម៉ា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តដែលត្រូវភ្លើងឆេះនោះ គឺម្ចាស់រថយន្តបានចតទុកចោលជាច្រើនថ្ងៃហើយ នៅជាប់បន្ទប់ដាក់រថយន្ត ដែលជាប់គ្នានឹងបន្ទប់ស្នាក់នៅ ដោយម្ចាស់ជាប់រវល់ជូនប្រពន្ធទៅសម្រាលកូន នៅមន្ទីរពេទ្យ។ មុនកើតហេតុ គេឃើញផ្សែង ហុយចេញពីក្នុងរថយន្ត ចំណុចផ្នែកម៉ាស៊ីន បង្កជាអណ្តាតភ្លើងឆេះរាលដាលពេញក្នុងរថយន្ត ហុយផ្សែងខ្មៅខ្មួលខ្មាញ់ពេញក្នុងបន្ទប់ដាក់រថយន្ត ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរគ្នា នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យតូចៗ បាញ់ទប់ស្កាត់ និងដងទឹកជះពន្លត់ និងបានរាយការណ៍ប្រាប់សមត្ថកិច្ច សុំរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗផងដែរ។

បន្ទាប់ពីទទួលបានដំណឹង កម្លាំងជំនាញការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ បានចេញរថយន្តសង្គ្រោះជាច្រើនគ្រឿង។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនោះ សមត្ថកិច្ចប្រើប្រាស់ទឹក អស់១រថយន្ត និងប្រើរយៈពេលពន្លត់ ប្រមាណ២០នាទី ភ្លើងបានរលត់ជាស្ថាពរ។
ក្នុងហេតុការណ៍អគ្គិភ័យនោះ មិនបណ្តាលឱ្យមានការឆ្លងរាលដាល និងបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ចំពោះសម្ភារៈខូចខាត មានរថយន្ត មួយគ្រឿង ម៉ាកសាំងយ៉ុង ខូចខាតទាំងស្រុង ចំណែកបន្ទប់ដាក់រថយន្ត ខូចខាតតិចតួច៕