Tuesday, September 17, 2024
Homeព័ត៌មានជាតិចាប់ខ្លួនគ្រូទាយស្រី លក់ដីខ្យល់កន្លះលានដុល្លារ

ចាប់ខ្លួនគ្រូទាយស្រី លក់ដីខ្យល់កន្លះលានដុល្លារ

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ដែលគេស្គាល់ថាជាគ្រូទាយ មើលជោគជតារាសី ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ពីបទឆបោក និងបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធទឹកប្រាក់ប្រមាណ ៥១ម៉ឺនដុល្លារ (លក់ដីខ្យល់ជាង៥០ហិកតារ នៅខេត្តកំពង់ស្ពឺ)។

ស្ត្រីវ័យចំណាស់ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ុក សៅខាន អាយុ៦៣ឆ្នាំ មានលំនៅ ផ្ទះលេខ៧០អា ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក សព្វថ្ងៃរស់នៅជាមួយកូនក្នុងបុរីពិភពថ្មី កំបូល៣ ខណ្ឌកំបូល។ ការចាប់ខ្លួនស្ត្រីចំណាស់ខាងលើ ត្រូវសមត្ថកិច្ចបង្ហើបប្រាប់ថា អនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកសាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមដីកាចាប់ខ្លួន បានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ យល់ឃើញថា ឈ្មោះប៊ុក សៅខាន ភេទស្រី អាយុ៦៣ឆ្នាំ ត្រូវចោទប្រកាន់ពីបទឆបោក និងបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ និង២០១៦ តាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ដែលជាបទល្មើសមជ្ឈិម មានកំណត់ទោសលើសពី ១ឆ្នាំឡើងទៅ។

តាមរយៈដីកាបញ្ជាឱ្យចូលខ្លួន លេខ៣០៧ អ.យ.ង ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់តំណាងអយ្យការ និងដីកាបញ្ជាឱ្យចូលខ្លួន លេខ៥៤៤ញ ព្រ.ទ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទមិនបានចូលខ្លួនតាមការកំណត់ឡើយ ដោយបានគេចខ្លួន។ ដើម្បីធានាដល់កិច្ចការស៊ើបសួរ គប្បីបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះប៉ុក សៅខាន យកមកប្រគល់ជូនតុលាការ ចាត់ការតាមផ្លូវច្បាប់។

រហូតមកដល់រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សមត្តកិច្ចព្រហ្មទណ្ឌ បាននាំខ្លួនស្ត្រីវ័យចំណាស់ឈ្មោះប៉ុក សៅខាន ប្រគល់ជូនចៅក្រមស៊ើបសួរ តាមដីកាចាប់ខ្លួននោះតែម្តង។

តាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ គឺផ្តើមចេញកិច្ចសន្យាទិញលក់ដីធ្លីមួយកន្លែង នៅខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ ឈ្មោះប៉ុក សៅខាន និងសាន សុខា ជាអ្នកលក់ដី ហៅថាភាគី “ក” ឱ្យទៅឈ្មោះជា សុខចិន្តា និងឈ្មោះ ខុង ស៊ាងហ៊ី ជាអ្នកទិញដីហៅថា ភាគី“ខ”។

ភាគី “ក” យល់ព្រមលក់ដី ចំនួន៤៥ហិកតារ ដែលមានទីតាំងស្ថិតនៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តម្លៃសរុប ៤៥ម៉ឺនដុល្លារ ដោយភាគី “ខ” បានប្រគល់ប្រាក់ឱ្យភាគី “ក” គ្រប់ចំនួន ហើយភាគី “ក” បានធានារត់ការផ្ទេរសិទ្ធិកាន់កាប់ដីនោះ ឱ្យទៅភាគី “ខ” ត្រឹមត្រូវតាមផ្លូវច្បាប់។ ក្រោយពេលប្រគល់លុយគ្រប់ចំនួនរួចហើយ ភាគីទាំងពី បានព្រមព្រៀងគ្នាបោះបង្គោលព្រំលើផ្ទៃដី៤៥ហិកតារ ឱ្យទៅភាគី “ខ”។ ក្រោយមកទៀត ភាគី “ក” បានកាត់ដីចំនួន ១០ហិកតារ ឱ្យទៅភាគី “ខ” ដែលសរុបដីនោះ មានចំនួន៥៥ហិកតារ។

បន្ទាប់មក ភាគី “ខ” តែងតែសួរនាំភាគី “ក” អំពីលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី តែភាគី “ក” ព្យាយាមគេចវេះ លុះដល់ឆ្នាំ២០១៩ ភាគី “ខ” បានទទូចឱ្យភាគី “ក” ផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ស្រាប់តែដីនោះបានធ្លាក់ទៅលើឈ្មោះអ្នកដទៃកាន់កាប់ទៅវិញ។ ដោយពិនិត្យឃើញថា ឈ្មោះប៉ុក សៅខាន និងមនុស្ស ២នាក់ទៀត ពិតជាប្រព្រឹត្តបទល្មើសឆបោក  (លក់ដីខ្យល់) ទើបឈ្មោះខុង ស៊ាងហ៊ី ដែលខំចំណាយប្រាក់ទិញដី អស់រាប់សែនដុល្លារ ដាក់ពាក្យប្តឹងស្ត្រីឈ្មោះ ប៉ុក សៅខាន និងបក្ខពួកដែលគប់គិតគ្នាលក់ដីខ្យល់ ទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង។

រហូតមកដល់ល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្ត្រីវ័យចំណាស់ជាគ្រូទាយខាងលើ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្នុងសំណុំរឿងរឿងលក់ដីខ្យល់៕

RELATED ARTICLES