ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង ១គូ ក្រោយពីបានរួមរស់ជាមួយគ្នាបានមួយរយៈ ស្រាប់តែខាងប្រុស បែកគំនិតដោះដៃ ឃើញស្រីស្នេហ៍កំពុងដេកលក់ បានលួចយកម៉ូតូរបស់នាង ជិះគេចខ្លួនបាត់។ លុះនារីរងគ្រោះដឹងខ្លួនថា ចាញ់បោកប្រុស ស្នេហ៍ ដែលបោកស៊ីទាំងព្រហ្មចារី និងម៉ូតូ និងដឹងពីសារជាតិប្រុសព្រាន ក៏រៀបធ្នាក់ស្រីស្អាត ដើម្បីបោកប្រុសព្រាន មកចូលអន្ទាក់ ដោយឱ្យមិត្តស្រីម្នាក់ដែលមានរូបស្រស់ស្អាត ទាក់ទងតាមឆាត ណាត់ជួបមុខ លុះជនសង្ស័យមកដល់ ក៏ចាប់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់តែម្តង។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចសួនច្បារវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា រវាងនាង និងជនសង្ស័យ ធ្លាប់ជាគូសង្សារ ហើយស្នាក់នៅបន្ទប់ជួលជាមួយគ្នា នៅម្តុំបែកចាន បានមួយរយៈមកហើយ។ លុះក្រោយមក ប្រមាណ ១សប្តាហ៍មុន គឺកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឆ្លៀតពេលដែលនាងកំពុងដេកលក់ ស្រាប់តែជនសង្ស័យ ជាប្រុសស្នេហ៍ហេងស៊យរូបនេះ ចង់ដោះដៃចោលនាង ក៏បែកគំនិតលួចយកម៉ូតូរបស់នាង ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IW-2405 ជិះរត់គេចខ្លួនបាត់។ លុះព្រឹកឡើង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ពេលនាងភ្ញាក់ពីគេង បាត់ទាំងសង្សារ បាត់ទាំងម៉ូតូ កើតការសង្ស័យ ក៏ព្យាយាមទាក់ទងតាមទូរស័ព្ទ ទៅប្រុសស្នេហ៍ (ជនសង្ស័យ) តែគេមិនព្រមលើកសោះ ទើបភ្ញាក់ខ្លួនដឹងថា ចាញ់បោកប្រុសព្រាន ដែលស៊ីដាច់ទាំងព្រហ្មចារីនាង និងម៉ូតូ រួចដោះដៃចោលនាង ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបែកចាន តែម្តង។

នារីរងគ្រោះ បន្តថា បន្ទាប់មក ដោយនាងដឹងពីសារជាតិប្រុសព្រាន នាងក៏បានរៀបល្បិចដើម្បីអន្ទងជនសង្ស័យ មកចូលអន្ទាក់របស់នាង ដោយនាងបានពឹងពាក់មិត្តភក្តិស្រីម្នាក់ ដែលមានរូបស្រស់ស្អាត ឲ្យឆាតទាក់ទងជាមួយជនសង្ស័យ។ លុះមកដល់ថ្ងៃកើតហេតុ ក៏ណាត់ឱ្យជនសង្ស័យមកជួបគ្នា នៅចំណុចសួនច្បារវត្តបទុមវតី ស្រាប់តែលេចមុខជនសង្ស័យមកមែន ទើបនាងចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

តាមសម្តីជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានលួចយកម៉ូតូរបស់ស្រីស្នេហ៍ ប្រាកដមែន ដោយឆ្លៀតឱកាសពេលនាងដេកលក់មិនដឹងខ្លួន ក៏បានជិះចេញតែម្តង តែមិននឹកស្មានថា បែរជាមកជាប់អន្ទាក់របស់នាងវិញដូច្នេះសោះ។


ជនសង្ស័យ ត្រូវបានសមត្ថកិច្ចសង្កាត់ចតុមុខ ឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ មុននឹងប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បែកចាន យកទៅចាត់ការបន្តតាមនីតិវិធី៕