Wednesday, May 1, 2024
Homeព័ត៌មានជាតិដាល់ប្អូនបែកច្រមុះ កាប់ប្រជាការពារ ២ផ្គាក់

ដាល់ប្អូនបែកច្រមុះ កាប់ប្រជាការពារ ២ផ្គាក់

ខេត្តប៉ៃលិន ៖ បុរស២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ក៏ឈានដល់ការ ប្រើអំពើហិង្សា ដោយភាគីបងប្រុស បានស្ទុះដាល់ប្អូន ១ដៃ បណ្តាលបែកច្រមុះ ហូរឈាមស្រោចខ្លួន លុះប្រជាការពារ ភូមិម្នាក់ បានទទួលដំណឹងនេះ ចុះ អន្តរាគមន៍ និងសួរនាំ ស្រាប់តែជនបង្កហេតុ បានទាញកាំបិតផ្គាក់កាប់ (កាប់នឹងខ្នង កាំបិត) ទៅលើប្រជាការពារ ចំនួន២កាំបិត បណ្តាលឱ្យបាក់ដៃ និងហើមក្បាល ទីបំផុតត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនជនបង្កហេតុ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ជនរងគ្រោះក្នុងករណីហិង្សាខាងលើ មានចំនួន២នាក់ ទី១-ឈ្មោះយ៉ាន់ បូនឿ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅ ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (រងរបួសបែកក្តោងច្រមុះ) ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ។ និងទី២-ឈ្មោះលី ហ៊ុយ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាប្រជាការពារ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (រងរបួសធ្ងន់បាក់ដៃខាងឆ្វេង និងហើមក្បាលផ្នែកខាង លើ)។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយ៉ាន់ វរៈ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះយ៉ាន់ បូនឿ ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ បានឃើញខ្ទះចៀនសាច់ក្រកឆាបឆេះ និងធុំក្លិនឈ្ងៀមសាច់ (ខ្លោចសាច់ក្រកចៀន) នៅក្នុងផ្ទះ ក៏ចូលទៅបិទភ្លើងចង្ក្រាន រួចទៅសួរបងថ្លៃត្រូវជាប្រពន្ធជនសង្ស័យថា “អ្នកណាចៀនសាច់ក្រក មិនមើល?” បងថ្លៃស្រីឆ្លើយថា “ប្រហែលមីអូនដឹង (ត្រូវជាក្មួយ) ព្រោះវាមកពីសាលា ឮថាឃ្លានបាយ”។ បន្ទាប់មក ជនរងគ្រោះបានហៅក្មួយស្រីមកសួរ ដោយកាន់រពាត់តូច ជន្លណែនាំផង ស្រាប់តែពេលនោះ ជនសង្ស័យជាបងបង្កើត ឃើញ ក៏លោតមកដាល់ជនរងគ្រោះជាប្អូនប្រុស ចំច្រមុះ បណ្តាលឱ្យបែកហូរឈាមជោកខ្លួនតែម្តង។

ប្រភពដដែល បន្តថា ក្រោយមក ជនរងគ្រោះឈ្មោះលី ហ៊ុយ ត្រូវជាប្រជាការពារភូមិ បានទទួលព័ត៌មានតាមទូរស័ព្ទពីលោកមេភូមិប៉ាហ៊ីជើង ថាមានករណីហិង្សាក្នុងគ្រួសារ ក៏ចុះទៅសួរនាំ ស្រាប់តែត្រូវជនសង្ស័យទាញកាំបិតផ្គាក់ មកកាប់នឹងខ្នងកាំបិត បណ្តាលឱ្យបាក់ដៃ និងត្រូវចំផ្នែកខាងលើក្បាល ធ្វើឱ្យហើមតែម្តង។

ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន និងកម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ យកទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់។

ក្រោយមក ជនរងគ្រោះឈ្មោះលី ហ៊ុយ ជាប្រជាការពារ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន ដោយទាមទារសំណងចំនួន ៥ពាន់ដុល្លារ ខណៈជនរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត៕

RELATED ARTICLES