Wednesday, May 1, 2024
Homeព័ត៌មានជាតិបំបែកសំបុកចោរគាស់ផ្ទះ វ៉ៃខ្នោះ៣នាក់

បំបែកសំបុកចោរគាស់ផ្ទះ វ៉ៃខ្នោះ៣នាក់

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ១ក្រុម ដែលជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋ លួចយកទ្យព្យសម្បត្តិ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចឃុំបន្សាយត្រែង ស្រុកថ្មគោល។

ជនសង្ស័យទាំង៣នាក់ រួមមាន ៖ ទី១-ឈ្មោះរ័ត្ន ដារ៉ាន់ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក (មានដីកាចាប់ខ្លួន)។ ទី២-ឈ្មោះធី រ៉ាឆេន អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ោងយង់ ឃុំតាពូង ស្រុកថ្មគោល និងទី៣-ឈ្មោះស៊ិន រ៉ូត អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល។

លោកប៉ាង ផង់ អធិការស្តីទីស្រុកថ្មគោល បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង៣នាក់ ខាងលើ ជាប់ពាក់ព័ន្ធនឹងអំពើចោរកម្ម គាស់ផ្ទះប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិ កាលពីជិតកន្លះខែមុន នៅឃុំបន្សាយត្រែង ស្រុកថ្មគោល។ ក្រោយកើតហេតុ កម្លាំងជំនាញ បានធ្វើការស៊ើបអង្កេតរហូតមកដល់ពេលនេះ ទើបកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែម្តង។  ប៉ុន្តែពួកគេបានបដិសេធថា មិនបានប្រព្រឹត្តផ្ទាល់ តែបានទទូលយកវត្ថុតាងដែលលួចបាន យកទៅលក់បន្ត នៅខេត្តបន្ទាយមានជ័យ។

គួររំលឹកថា កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានករណីគាស់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ដែលម្ចាស់មិននៅ បិទទ្វារទុកចោល នៅក្នុងភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ដែលបង្កឡើងដោយជនមិនស្គាល់មុខ។

ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះកង សុវណ្ណ ភេទស្រី អាយុ៧៣ឆ្នាំ បានឱ្យដឹងថា ទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន ម៉ូតូ ១គ្រឿង ម៉ាកវីនន័រ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AH-7542 កុំព្យូទ័រយួរដៃ ១គ្រឿង និងទូរស័ព្ទ ១គ្រឿង។ ប៉ុន្តែពេលត្រូវចាប់ខ្លួន ពុំមានវត្ថុតាងនៅសេសសល់ ដើម្បីឱ្យសមត្ថកិច្ចដកហូតទេ ខណៈដែលក្រុមជនសង្ស័យ អះអាងថា បានយកទៅលក់អស់ហើយ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ខាងលើ បានព្យាយាមឆ្លើយបដិសេធថា ពួកគេមិនបានប្រព្រឹត្តផ្ទាល់ លើករណីគាស់ផ្ទះខាងលើនេះទេ តែពួកគេបានទទួលស្គាល់ថា ពិតជាបានយកសម្ភារៈទាំងនោះ យកទៅលក់ឱ្យគេ នៅឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ជុំវិញករណីនេះ សមត្ថកិច្ចជំនាញ កំពុងស្នើសុំគោលការណ៍លោកស្នងការ និងលោកព្រះរាជអាជ្ញា ដើម្បីបន្តនីតិវិធីតាមរកវត្ថុតាង នៅទីតាំងដែលជនសង្ស័យបានយកទៅលក់។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES