Wednesday, May 1, 2024
Homeព័ត៌មានជាតិជេរអាឆ្កែ កាប់៤កាំបិត

ជេរអាឆ្កែ កាប់៤កាំបិត

ភ្នំពេញ ៖ បុរសម្នាក់ ផឹកស៊ីស្រវឹង នឹកដល់រឿងចាស់ធ្លាប់មានជម្លោះជាមួយអ្នកជិតខាង ក៏ស្រែកដៀមដាម ជេរគូទំនាស់ “អាឆ្កែ” ជាច្រើនដង លុះភាគីម្ខាងទៀតទ្រាំមិនបាន ចេញពីបន្ទប់មកសួរនាំ ស្រាប់តែត្រូវបុរសស្រវឹង កាប់៤កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកជនដៃដល់ បានចូលទៅសម្ងំដេកក្នុងផ្ទះ ធ្វើមិនដឹង រហូតដល់សមត្ថកិច្ចចុះចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួល ខាងក្រោយផ្សារអូដឹម ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ភាគីជនរងគ្រោះ មានឈ្មោះផុន ភូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង មានប្រពន្ធឈ្មោះទូច រាប អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅស្រុកស្នួល ខេត្តក្រចេះ។ ចំណែកជនបង្កហេតុ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់ត្រឡប់មកពីធ្វើការវិញ មិត្តភក្តិរបស់គាត់ម្នាក់បានហៅគាត់ទៅផឹកស្រាបៀរ ១កំប៉ុង ដោយសារស្រាមានតែពីរកំប៉ុង ដូច្នេះមិត្តភក្តិរបស់គាត់ហូបមួយកំប៉ុង ហើយគាត់ហូបមួយកំប៉ុង។ នៅពេលគាត់កំពុងតែហូបស្រាបៀរនោះ ស្រាប់តែឮសូរសំឡេងជនបង្កហេតុ បានស្រែកជេរដៀមដាមដាក់រូបគាត់នៅបន្ទប់ជួលជិតគ្នា ពេលនោះគាត់ចេញពីបន្ទប់ ទៅមើល និងចង់សួរនាំ ស្រាប់តែជនបង្កហេតុ យកកាំបិតប៉័ងតោ រត់មកកាប់គាត់ទាំងកំរោល ខណៈរូបគាត់មិនមានអីតដៃនោះទេ ទើបត្រូវជនបង្កហេតុ កាប់ចំនួន ៣កាំបិត តែគាត់គេចទាន់ លុះ ១កាំបិតចុងក្រោយ ត្រូវចំកញ្ចឹងកផ្នែកខាងក្រោយ បណ្តាលឱ្យរយះ រងរបួសធ្ងន់ ដេរជាង១០ថ្នេរ។

ក្រោយពីកាប់ប្រហារជនរងគ្រោះឱ្យរងរបួសធ្ងន់ហើយ ជនបង្កហេតុ បានចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួនវិញ ហើយដេកចាក់សោពីខាងក្នុង ធ្វើដូចអត់មានរឿងអីកើតឡើង។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនិងបងប្អូនអ្នកជិតខាង ដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន។

បន្ទាប់មក បងប្អូនប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ ខ្លាចជនបង្កហេតុរត់ ក៏បាននាំគ្នាយកសោមួយទៀតមកចាក់ពីខាងក្រៅ រួចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។ ខណៈពេលកម្លាំងនគរបាលប៉ុស្តិ៍ រួមនិងប្រជាការពារភូមិ បានទៅដល់ទីតាំងកន្លែងកើតហេតុ ក៏បានវាយ កម្ទេចសោ និងស្រែកឱ្យជនបង្កហេតុបើកទ្វារ តែជនបង្កហេតុមិនព្រមបើកទ្វារនោះទេ។ បន្ទាប់មក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បាននាំគ្នាធាក់ទ្វារជាច្រើនជើងនៅតែមិនព្រមបើកទៀត។ រហូតដល់ប្រពន្ធរបស់ជនបង្កហេតុ អង្វរឱ្យប្តីរបស់ខ្លួនបើកទ្វារ ទើបជនបង្កហេតុ ព្រមបើក ហើយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុ បានឆ្លើយសារភាពប្រាប់ថា មុនកើតហេតុ ដោយសារតែជនរងគ្រោះយកស្នួហាលខោអាវ មកវាយខ្លួនមុន ទើបខ្លួនទ្រាំមិនបាន ក៏យកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះវិញបែបនេះតែម្តង។

ដោយឡែក តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅទីតាំងផ្ទះជួលខាងលើ បានបញ្ជាក់ឱ្យដឹងថា មុនកើតហេតុ នៅពេលថ្ងៃ គេឃើញជនបង្កហេតុ ផឹកស៊ីជាមួយមិត្តភក្តិមួយក្រុម នៅជិតទីតាំងកន្លែងកើតហេតុ ជាច្រើនម៉ោងមកហើយ រហូតដល់ស្រវឹង  លុះដល់ម៉ោងកើតហេតុ ក៏ឃើញជនរងគ្រោះអង្គុយផឹកស៊ីជាមួយមិត្តភក្តិម្នាក់ទៀត។ បន្ទាប់មក ជនបង្កហេតុដែលធ្លាប់មានជម្លោះជាមួយជនរងគ្រោះកន្លងមក បានជេរដៀមដាមជនរងគ្រោះ ដោយប្រើពាក្យថា “អាឆ្កែ” ទើបជនរងគ្រោះ ដើរចេញមកមើល ក៏ត្រូវជនបង្កហេតុ យកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសតែម្តង។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានបញ្ជាក់ទៀតថា កាលពីពេលកន្លងមក ជនបង្កហេតុ ធ្លាប់ផឹកស៊ីស្រវឹង រួចដេញកាប់បងប្អូនម្ចាស់ផ្ទះម្តងរួចមកហើយ តែសំណាងល្អ ជនរងគ្រោះរត់គេចទាន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនបង្កហេតុខាងលើ ទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES