Wednesday, May 1, 2024
Homeព័ត៌មានជាតិចោរលួចទូរស័ព្ទ ច្រឡំស្បែកជើង មកវិញ ចាក់ជនរងគ្រោះ ១កន្ត្រៃ

ចោរលួចទូរស័ព្ទ ច្រឡំស្បែកជើង មកវិញ ចាក់ជនរងគ្រោះ ១កន្ត្រៃ

ភ្នំពេញ ៖ យុវជនម្នាក់ មកពីខេត្ត ជូនបងប្អូនដែលមានជំងឺ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្បែរវត្តភ្នំ ហើយដេកចាំនៅខាងក្រៅមន្ទីរពេទ្យ ស្រាប់តែត្រូវបានក្រុមជនសង្ស័យ បានមកលួចយកទូរស័ព្ទ ១គ្រឿង ទៅបាត់ ដោយបន្សល់ទុកស្បែកជើង ១គូ (ពាក់ច្រឡំស្បែក ជើងជនរងគ្រោះ) លុះបន្តិចក្រោយមក ជនសង្ស័យបានត្រឡប់មកវិញ ប្តូរស្បែកជើង លុះជនរងគ្រោះភ្ញាក់ដឹងខ្លួន កើតមានការប្រតាយប្រតប់ ក៏ត្រូវជនសង្ស័យចាក់ ១កន្ត្រៃ បណ្តាលឱ្យរងរបួស រីឯក្រុមជនសង្ស័យ បាននាំគ្នាគេចខ្លួនបាត់អស់។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងមុខមន្ទីរពេទ្យកុមារគន្ធបុប្ផា តាមបណ្តោយផ្លូវ៩០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនរងគ្រោះ មានឈ្មោះយឹម ចាន់ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិរូង ឃុំស្នំក្រពើ ស្រុកបាទី ខេត្តតាកែវ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ខ្លួនបានជូនប្អូនជីដូនមួយម្នាក់ ដែលមានជំងឺ មកសម្រាកព្យាបាលនៅឯមន្ទីរពេទ្យកុមារ គន្ធបុប្ផា ក្នុងនោះ មានឪពុករបស់អ្នកជំងឺ ទៅជាមួយផងដែរ។ លុះដល់ពេលយប់ ឪពុករបស់អ្នកជំងឺ បាន ចូលទៅដេកកំដរកូនរបស់គាត់ នៅខាងក្នុងបាត់ទៅ នៅសល់តែខ្លួន នៅចាំមើលម៉ូតូនៅខាងក្រៅតែម្នាក់ឯង។ រហូតដល់វេលាកើតហេតុ ខ្លួនបានសំងំដេកលក់១ភាំង លើបង់ខាងមុខមន្ទីរពេទ្យ ខណៈពេលដែលភ្ញាក់ដឹងខ្លួនមកវិញ ទើបដឹងថា បានបាត់ទូរស័ព្ទដៃ ១គ្រឿង ម៉ាករៀលមី និងស្បែកជើង ១គូ ប៉ុន្តែជនសង្ស័យ បែរជាបន្សល់ទុកស្បែកជើងរបស់គេ (ជនសង្ស័យ) ១គូ នៅកន្លែងកើតហេតុ។

ជនរងគ្រោះ បន្តថា បន្ទាប់មក ខ្លួនបានសំងំដេកវិញ ស្រាប់តែបន្តិចក្រោយមក ជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង មិនចាំម៉ាក បានមកដល់ ហើយជនសង្ស័យម្នាក់ បានចុះមកប្តូរយកស្បែកជើងគេទៅវិញ ខណៈពេលនោះ រូបគេបានភ្ញាក់ដឹងខ្លួន ក៏ប្រតាយប្រតប់ជាមួយនឹងជនសង្ស័យ ទើបត្រូវជនសង្ស័យដកកន្ត្រៃ ចាក់ចំដៃខាងស្តាំ បណ្តាលឱ្យរងរបួសតែម្តង។ បន្ទាប់មក ជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូ គេចខ្លួនបាត់ស្រមោលអស់។

តាមប្រភពពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពប្លន់ជនរងគ្រោះនោះ គឺមានរហស្សនាម “អាខ្មៅបឹងកក់” ហើយជនសង្ស័យរូបនេះ តែងតែធ្វើសកម្មភាពចោរកម្ម យ៉ាងសកម្ម នៅម្តុំទីតាំងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ នាំជនរងគ្រោះទៅធ្វើការដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមច្បាប់៕

RELATED ARTICLES