ភ្នំពេញ៖ បន្ទប់ជួលស្នាក់នៅរបស់កម្មករ ចំនួន៤បន្ទប់ ដែលម្ចាស់បានចាកចេញទៅបំពេញ ការងារអស់ (ចាក់សោទ្វារចោល) ត្រូវបាន អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាល ឱ្យខូចខាតទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្សារសុភមង្គល ស្ថិតក្នុងក្រុមទី៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
បន្ទប់ជួលទាំង៤បន្ទប់ដែលត្រូវភ្លើងឆេះទាំងស្រុងនោះ រួមមាន ទី១–បន្ទប់លេខ៦ មាន ម្ចាស់ឈ្មោះឃុន រដ្ឋា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើត នៅភូមិត្រពាំងជ្រនាង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ទី២–បន្ទប់លេខ៧ មានម្ចាស់ ឈ្មោះនៅ សុគន្ធ ភេទប្រុស អាយុ៤២ឆ្នាំ មុខ របរបើកបររថយន្ត មានស្រុកកំណើតនៅភូមិ បឹងរាំង ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។ ទី៣–បន្ទប់លេខ៨ មានម្ចាស់ឈ្មោះធេត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្រុកកំណើតនៅភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ និងទី៤–បន្ទប់ លេខ៩ មានម្ចាស់ឈ្មោះគឹម កញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មាន ស្រុកកំណើតនៅភូមិកងតានឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញបន្ទប់ លេខ៩ បានឆ្លងចរន្តអគ្គិសនី តាំងពីល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៦ មកម៉្លេះ និងបានបង្កឱ្យ ឆេះកង្ហារអស់ចំនួន២គ្រឿងរួចមកហើយ តែ មិនមានអ្នកអើពើហៅអ្នកជំនាញផ្នែកអគ្គិសនី មកត្រួតពិនិត្យអ្វីនោះទេ។ ស្រាប់តែមកដល់ ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ខណៈដែលម្ចាស់បន្ទប់ចេញទៅបំពេញការងាររៀងៗខ្លួន អស់ ក៏កើតមានការឆ្លងចរន្តអគ្គិសនីនៅចំណុចបន្ទប់លេខ៩ សាជាថ្មីម្តងទៀត និងបង្កឱ្យមាន ផ្សែងហុយទ្រលោម បន្ទាប់មក ក៏មានអណ្តាត ភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ហើយក៏ ឆ្លងរាលដាលដល់បន្ទប់ជាប់ៗនោះទៀតតែម្តង។
ប្រភពដដែលបន្តថា នៅពេលកើតហេតុ ភ្លាមៗ ប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់ អគ្គិភ័យមកបាញ់ពន្លត់ភ្លើងជាបឋមដែរ តែ ដោយស្ថានភាពធ្ងន់ធ្ងរពេក ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ហើយ សមត្ថកិច្ចបានទាក់ទងបន្តទៅសុំជំនួយពីភ្នាក់ងារ ពន្លត់អគ្គិភ័យបញ្ជូនរថយន្តពន្លត់អគ្គិភ័យចេញ មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗដែរ និង ធ្វើឱ្យភ្លើងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃដដែល។
សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាត បន្ទប់ជួលចំនួន៤បន្ទប់ តែមិនបណ្តាលឱ្យមនុស្ស ណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ ចំណែក មូលហេតុ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង។ ដោយសារតែរថយន្តពន្លត់អគ្គិភ័យចេញមក ជួយអន្តរាគមន៍ទាន់ពេល ទើបអាចរារាំងមិន ឱ្យអគ្គិភ័យនេះ ឆេះរាលដាលដល់លំនៅឋាន ប្រជាពលរដ្ឋដែលនៅជាប់ៗនោះទៀត។ យ៉ាង ណាទំហំនៃការខូចខាត គេនៅមិនទាន់អាច វាយតម្លៃបាននៅឡើយ ៕