Wednesday, May 1, 2024
Homeព័ត៌មានជាតិជិះម៉ូតូពីតាកែវ មកចូលក្លឹបភ្នំពេញ ស្លាប់តាមផ្លូវ

ជិះម៉ូតូពីតាកែវ មកចូលក្លឹបភ្នំពេញ ស្លាប់តាមផ្លូវ

ភ្នំពេញ ៖ យុវវ័យប្រុសស្រី ១ក្រុម ជិះម៉ូតូ ៥-៦គ្រឿង ចេញពីផ្ទះ នៅឯខេត្តតាកែវ នាំគ្នាមកចូលក្លឹបរាត្រីនៅ រាជធានីភ្នំពេញ លុះក្រោយពីផឹកស៊ីស្រវឹង នាំគ្នាជិះម៉ូតូសំដៅទៅផ្ទះវិញ ស្រាប់តែអកុសល យុវជន២នាក់ ក្នុងចំណោមនោះ ជិះម៉ូតូដឹកគ្នាក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលចង្កូតទៅបុករថយន្ត ១គ្រឿង ដែលកំពុងបើកឆ្លងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឱ្យបោកក្បាលស្លាប់ម្នាក់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរង របួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកភាគីរថយន្ត បានបើកគេចបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុប២០០៤ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មានឈ្មោះដាញ់ ប៉ង់ អាយុ២១ឆ្នាំ មុខរបរជាងដេគ័រ មានស្រុកកំណើតនៅភូមិដក់ពរ ឃុំបឹងត្រាញ់ ស្រុកសំរោងទង ខេត្តតាកែវ។ ចំណែកអ្នករងរបួសធ្ងន់ មានឈ្មោះហេង ភេទប្រុស ១៩ឆ្នាំ មុខរបរជួយលក់ដូរ ឪពុកម្តាយនៅផ្ទះ មានស្រុកកំណើតភូមិជាមួយគ្នា។

តាមសម្តីមិត្តភក្កិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ មានស្រីមានប្រុស ជាច្រើននាក់ ជិះម៉ូតូ៥ ទៅ៦គ្រឿង ចេញពីស្រុកកំណើត នាំគ្នាមកចូលក្លឹបមួយកន្លែង នៅភ្នំពេញ ម្តុំផ្សារដីហុយ  លុះដល់ម៉ោងកើតហេតុខាងលើ បាននាំគ្នាជិះម៉ូតូ ទៅស្រុកកំណើតវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើត ទៅលិច ដោយមិត្តភក្តិប្រុសស្រីជាច្រើននាក់ បានជិះម៉ូតូហួសទៅមុនអស់។ ចំណែកជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-2732 មកតាមក្រោយ លុះដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកជាមួយរថយន្តព្រូស ១គ្រឿង មិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវ២០១១  ឆ្លងទៅផ្លូវ២០០៤ ក្នុងទិសដៅពីជើងទៅត្បូង ចំពីហៀងរថយន្តខាងឆ្វេង ពេញទំហឹង បណ្តាលឱ្យដួលបោកទៅនឹងថ្នល់ ស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្ត បានបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបន្សល់ទុកកញ្ចក់រថយន្តមើលក្រោយ មួយចំហៀង នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចអូសយកម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បណ្តោះអាសន្ន រង់ចាំប្រគល់ជូនក្រុមគ្រួសារវិញ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES