Wednesday, May 1, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះមន្ត្រីសាលាខេត្តសៀមរាប ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

វ៉ៃខ្នោះមន្ត្រីសាលាខេត្តសៀមរាប ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

ភ្នំពេញ ៖ ទីបំផុតជនជាប់ចោទឈ្មោះសោម សមសក្តិ ដែលជាជនដៃដល់ក្នុងសំណុំរឿងជេរប្រមាថជាសាធារណៈ ប្រើអំពើហិង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់វាយខ្នោះបាន កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ជនជាប់ចោទដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់វាយខ្នោះ មានឈ្មោះសោម សមសក្តិ មានតួនាទីជានាយកទីចាត់ ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប និងជាជនជាប់ចោទក្នុងសំណុំរឿងជេរប្រមាថជាសាធារណៈ ប្រើអំពើហិង្សា ដោយ ចេតនា និងបប៉ុនប៉ងមនុស្សឃាត។

តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា ការចាប់ខ្លួនជនជាប់ចោទខាងលើ ធ្វើឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ គ្រាដែលជននេះបានរត់គេចខ្លួនចេញពីខេត្តសៀមរាប ទៅសម្ងំនៅទីតាំងខាងលើ។

ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតអំពីនិតិវិធីបន្តនោះទេ ប៉ុន្តែសមត្ថកិច្ចក្នុងហេតុការណ៍ បានបង្ហើបថា ជនជាប់ចោទ ឈ្មោះសោម សមសក្តិ ដែលបានចាប់ខ្លួន នឹងត្រូវបញ្ជូនទៅបន្តនីតិវិធីនៅឯខេត្តកំពង់ចាម។

ប្រភពពីកម្លាំងសមត្ថកិច្ចឱ្យដឹងថា ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីជនដ៏មានឥទ្ធិពលនៅខេត្តសៀមរាប ម្នាក់នេះ ខកខានមិនបានចូលបំភ្លឺនៅសាលាដំបូងខេត្តសៀមរាប ទាំងដំណាក់កាលអយ្យការ និងដំណាក់កាលចៅក្រមស៊ើបសួរ ពាក់ព័ន្ធនឹងបណ្តឹងរបស់លោកស្រី ផាត់ សុជឿន ដែលប្តឹងពីបទជេរប្រមាថជាសាធារណៈ បទប្រើអំពើហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តនៅផ្សារទំនើបអាស៊ី ក្រុងសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។

ប្រភពបន្តថា ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីពីដើមបណ្តឹងរដ្ឋប្បវេណី លោកស្រី ផាត់ សុជឿន ដាក់ពាក្យផ្ទេរសមត្ថកិច្ចពីសាលាដំបូងខេត្តសៀមរាប មកតុលាការខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ឈ្មោះសោម សមសក្តិ ជានាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោកស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទជេរប្រមាថជាសាធារណៈ បទប្រើអំពើហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក Range Rover Discovery ពាក់ស្លាកលេខ ភ្នំពេញ 2BU-0009 ប៉ុនប៉ងបំបុក នៅចំណុចផ្សារអាស៊ី ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២៕

RELATED ARTICLES