Wednesday, May 1, 2024
Homeព័ត៌មានជាតិប៉េអឹមចាប់វ៉ៃខ្នោះ ចោរលួចម៉ូតូ៣គ្រឿង

ប៉េអឹមចាប់វ៉ៃខ្នោះ ចោរលួចម៉ូតូ៣គ្រឿង

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូ)។

ជនសង្ស័យខាងលើ មានឈ្មោះណុប រាត្រី ហៅត្រី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល លេខ០៧៩ ផ្លូវលំ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ចុះស្រាវជ្រាវនិងឃាត់ខ្លួនបាន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលរបស់ជនសង្ស័យខាងលើ។ វត្ថុតាង ចាប់យក រួមមាន ម៉ូតូ ចំនួន៣គ្រឿង (ម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1L-6963 ម៉ាក Honda wave Blade ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AL-0620 និងម៉ាក Honda cub ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភព១-៥៧៧៧) សោរាងអក្សរតេ​ ចំនួន៣ដើម រួមនិងសម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួន។

ក្រោយពីធ្វើការឆែកឆេរក្នុងបន្ទប់ជួល កម្លាំងជំនាញអាវុធហត្ថខណ្ឌច្បារអំពៅ រកឃើញមានរក្សាទុកម្សៅក្រាមពណ៌សថ្លា ចំនួន២កញ្ចប់តូច ថង់សម្រាប់វេចខ្ចប់សារធាតុញៀន ចំនួន១កញ្ចប់ ព្រមទាំងសម្ភារៈសម្រាប់សេពគ្រឿងញៀន មួយចំនួនទៀត។

ក្រោមវិធានការជំនាញ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាមុខសញ្ញាធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូជាច្រើនលើកប្រាកដមែន ហើយក៏ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ផងដែរ៕

RELATED ARTICLES