ខេត្តស្វាយរៀង ៖ រោងចក្រផលិតទោចក្រយានយន្ត (ម៉ូតូ) មួយកន្លែង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកព្រលឹម បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្មករ-កម្មការិនីរោងចក្រ រាយការណ៍សុំអន្តរាគមន៍សមត្ថកិច្ចមូលដ្ឋាន បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះដល់ទីតាំង បាញ់ទឹកពន្លត់ភ្លាមៗ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

តាមប្រភពពីសមត្ថកិច្ចក្រុងស្វាយរៀង បានឱ្យដឹងថា រោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះ គឺរោងចក្រ XDS ជារោងចក្រផលិតទោចក្រយានយន្ត ចំពោះសម្ភារៈដែលខូចខាត រួមមានឧបករណ៍ប្រើប្រាស់មួយចំនួន។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានថាមានករណីឆេះរោងចក្រភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងការិយាល័យជំនាញ កម្លាំងកងរាជអាវុធហត្ថ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងបងប្អូនកម្មកររោងចក្រ ធ្វើការអន្តរាគមន៍ជួយបាញ់ដោយបំពង់ពន្លត់អគ្គិភ័យ និងប្រព័ន្ធទុយោទឹកក្នុងរោងចក្រ។

ប្រភពបន្តថា ក្រោយពីអន្តរាគមន៍ជួយបាញ់ពន្លត់រហូតដល់រលត់ទាំងស្រុង នៅវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃដដែល ខណៈមិនមានអ្នករងគ្រោះថ្នាក់នោះទេ គ្រាន់តែខូចខាតសម្ភារ និងឧបករណ៍ប្រើប្រាស់មួយចំនួនតែប៉ុណ្ណោះ ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ គេឃើញមានវត្តមានលោកសរ សុដានី អភិបាលរងក្រុង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការងអាវុធហត្ថខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង និងសមត្ថកិច្ចដែលពាក់ព័ន្ធ ចុះមកអន្តរាគមន៍ភ្លាមៗផងដែរ៕