Monday, November 11, 2024
Homeព័ត៌មានជាតិប្តីសុំរួមភេទ ប្រពន្ធអត់ព្រម ទាញពូថៅសំពង

ប្តីសុំរួមភេទ ប្រពន្ធអត់ព្រម ទាញពូថៅសំពង

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សញៀនស្រា និងប្រើប្រាស់ថ្នាំញៀនជាប្រចាំ ហើយឧស្សាហ៍ប្រើ ហិង្សាដាក់ប្រពន្ធកូនខ្លាំងណាស់ លុះក្រោយមក ទើបនឹងត្រឡប់មកពីផឹកស្រា និងជក់ថ្នាំញៀនវិញ ក៏អូសដៃប្រពន្ធចូលបនប្ទ់ ដើម្បីរួមភេទ តែប្រពន្ធមិនព្រម ក៏ធ្វើឱ្យបុរសជាប្តីមួយម៉ៅក្តៅចិត្ត ស្ទុះទាញពូថៅ មកវាយសំពងប្រពន្ធនឹងដងពូថៅ បណ្តាលឱ្យរងរបួសពេញខ្លួន លុះមិនទាន់ រំសាយកំហឹងអស់ ក៏ស្ទុះទៅធាក់កូនស្រីតូចអាយុ៩ឆ្នាំ ១ជើងចំភ្នែក បណ្តាលឱ្យជាំភ្នែកថែមម្នាក់ទៀត ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះប្តីកំណាចយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីប្រើពូថៅវាយប្រពន្ធ កូន ឱ្យរងរបួសធ្ងន់ ដោយសារខឹងសុំប្រពន្ធរួមភេទមិនបាននេះ បានកើតមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។ រហូតមកដល់វេលារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ដោយផ្អែកលើបណ្តឹងរបស់ ជនរងគ្រោះជាប្រពន្ធ។

ជនដៃដល់ជាប្តីកំណាចដែលគ្រាន់តែសុំប្រពន្ធរួមភេទមិនបាន បែរជាផ្ទុះហិង្សាវាយដំប្រពន្ធកូនគ្មានប្រណី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ខាងលើ មានឈ្មោះវី វិច្ឆ័យ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះយីវ សារុន អាយុ២៩ឆ្នាំ។ រីឯកូនស្រី តូចដែលត្រូវឪពុកកំណាចធាក់ជាំភ្នែក មានឈ្មោះវិឆៃ សុខលីឡា អាយុ៩ឆ្នាំ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុង ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។

លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា  តាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា ប្តីរបស់នាង (ជនសង្ស័យ) គឺជាមនុស្សញៀនស្រា និងតែងប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយឧស្សាហ៍ប្រើអំពើហិង្សា ក្នុងគ្រួសារញឹកញាប់ ណាស់។ ជាក់ស្តែង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យជាប្តីឈ្មោះវី វិច្ឆ័យ ទើបនឹងត្រឡប់ មកពីផឹកស្រា និងជក់ថ្នាំញៀនវិញ ក៏បានអូសដៃនាងប្រុងរួមភេទ តែនាងមិនព្រម ស្រាប់តែប្តីកំណាចរូបនេះច្រឡោតខឹង ក៏បានយកដងពូថៅ វាយមកលើរូបនាងជាប្រពន្ធ ជាច្រើនដងពូថៅ ត្រូវចំក្បាល ចំដៃ ចំខ្នង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

ស្ត្រីរងគ្រោះ បានរៀបរាប់បន្តថា ក្រោយមក ដោយសារតែមិនទាន់រំសាយកំហឹងអស់ ស្រាប់តែប្តីកំណាចរបស់នាង បានស្ទុះទៅធាក់ កូនស្រីឈ្មោះវិឆៃ សុខលីឡា ដែលទើបនឹងមានអាយុ៩ឆ្នាំ ត្រូវចំភ្នែក១ជើង បណ្តាលឱ្យជាំភ្នែករងរបួសយ៉ាងដំណំថែមម្នាក់ទៀត។ បន្ទាប់មក ជនដៃដល់ជាប្តី បានស្ទុះទៅវាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ បណ្តាលឱ្យខូចខាតអស់ជាច្រើនទៀត។ ដោយសារ តែទ្រាំ នឹងទង្វើរបស់ប្តីកំណាចរូបនេះ តទៅទៀតលែងបាន ទើបព្រឹកឡើងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នាងក៏សម្រេចដាក់ពាក្យបណ្តឹងសុំ អន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

លោកអធិការ បញ្ផាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ នៅវេលារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចក៏បាន ចុះនាំខ្លួនជនសង្ស័យជាប្តី ដើម្បីយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តី បានឆ្លើយសារភាពថា រូបគេ ពិតជាបានធ្វើសកម្មភាព ប្រើហិង្សាដាក់ប្រពន្ធកូន និងវាយ បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ប្រាកដមែន។ មូលហេតុ ដោយសារតែខឹងនឹងប្រពន្ធ ដែលមិនព្រមឱ្យរួមភេទ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ផូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។/

RELATED ARTICLES