ខេត្តប៉ៃលិន ៖ ស្ត្រី១ក្រុម តែងប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង (លេងបៀ) សឹងរាល់ថ្ងៃ រហូតដល់ប្តីព្យាយាម ហាម ប្រាមតែមិនស្តាប់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួននាំយកទៅអប់រំចេញម្តង។
ករណីបង្ក្រាបវង់ល្បែងស៊ីសង (វង់បៀ) ខាងលើនេះ ធ្វើឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃ២៥ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុច ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា លោកមាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានចាត់ឱ្យកម្លាំងជំនាញផ្នែកនគរ បាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចុះធ្វើវិធានការរដ្ឋបាល អប់រំណែនាំប្រជាពលរដ្ឋដែលលេងល្បែងស៊ីសង (លេងបៀ) មកធ្វើការអប់រំណែនាំចំនួន១ទីតាំង ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ក្រុមអ្នកញៀនល្បែងទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកមកអប់រំ រួមមាន ទី១-ឈ្មោះសំ កុលាប ភេទស្រី អាយុ៣៣ឆ្នាំ មានលំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី២-ឈ្មោះថៃ សាវុធ ភេទស្រី អាយុ៣៧ឆ្នាំ មានលំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី៣-ឈ្មោះភិវឌ្ឍ គុន្ធា ភេទស្រី អាយុ៣៤ឆ្នាំ មានលំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី៤-ឈ្មោះឃឿន ឃាន ភេទស្រី អាយុ៣៣ឆ្នាំ មានលំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ និងទី៥-ឈ្មោះរ៉ាត់ សារួន ភេទស្រី អាយុ៥៧ឆ្នាំ មានលំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ រីឯវត្ថុតាងដកហូត រួមមាន បៀចំនួន១ហ៊ូ កំរាលសម្រាប់លេងចំនួន១ និងកន្ទេល ចំនួន១។

ក្រោយពីការអប់រំណែនាំរួច សមត្ថកិច្ចបានឱ្យក្រុមស្ត្រីទាំង៥នាក់ខាងលើ ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តល្បែងស៊ីសងតទៅទៀត រួចអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញ។/