ខេត្តកណ្តាល ៖ បុរសម្នាក់ពុំដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីធំធេងដោះស្រាយមិនចេញនោះទេ ស្រាប់តែបែកគំនិតគិតខ្លី យកច្រវាក់មក ចងកបញ្ចប់ជីវិតខ្លួនឯង ទៅនឹងធ្នឹមផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ករណីចងកសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំណុច លើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះជា ជាង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកំពង់ល្វា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្រោយពីហូបបាយថ្ងៃត្រង់រួច ជនរងគ្រោះ ក៏ឡើងទៅសម្ងំនៅលើផ្ទះបាត់ រហូតដល់ថ្ងៃ រសៀលទៅហើយ នៅតែមិនឃើញចុះមកវិញទៀត ទើបក្រុមគ្រួសារនឹកឆ្ងល់ ឡើងទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះយកច្រវាក់ ចងក ជាប់នឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលឃុំវិហារសួគ៌បានសហការជាមួយកម្លាំងជំនាញស្រុក និងក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ ធ្វើការពិនិត្យឃើញថា សាកសពមានមានស្នាមជាំលើក ពីគុម្ពត្រចៀកឆ្វេងដល់គុម្ពត្រចៀកស្តាំ រីឯផ្នែកក្បាល ដងខ្លួន អវៈយវៈពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាត ប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។/