ខេត្តកណ្តាល ៖ លោកណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងលោកអភិបាលខេត្ត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានដឹកនាំ ក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធ នឹងអាជ្ញាធរស្រុក ដោយមានការសម្របសម្រួលនីតិវិធីពីលោកហោ លីណា ព្រះរាជអាជ្ញារងខេត្តកណ្តាល បានចុះ ត្រួតពិនិត្យ និងឈានដល់ការផ្អាកការដ្ឋានជីករណ្តៅដីចំនួន២កន្លែង ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល និងភូមិភ្នំដី ឃុំសំរោងលើ ស្រុកអង្គស្នួល។

លោកណុប ដារ៉ា បានឱ្យដឹងថា អាជីវកម្មរណ្តៅដីទាំងពីរកន្លែងនេះ បានបំពានការជីកដីមានជម្រៅហួសការកំណត់ និងគ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត្ប មិនធ្វើតាមការណែនាំ របស់អាជ្ញាធរ ការដឹកជញ្ជូនដីដោយមិនគ្របតង់កៅស៊ូ ឱ្យបានត្រឹមត្រូវ មិនបានបង់សួយសារ និងកាតព្វ កិច្ចហិរញ្ញវត្ថុផ្សេងៗ ជាមួយក្រសួងរ៉ែ និងថាមពល មិនបានទុកព្រុំខណ្ឌអាជ្ញាប័ណ្ណនីមួយៗ និងបង្កឱ្យមានការរំខានដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ នៅជុំវិញទីតាំងការដ្ឋាននោះ។

លោកអភិបាលរងខេត្ត បន្ថែមថា បន្ទាប់ពីក្រុមការងារចុះពិនិត្យជាក់ស្តែង បានធ្វើការផ្អាកសកម្មភាពអាជីវកម្មគ្រប់ទម្រង់ រហូតដល់ មានការជូនដំណឹង និងត្រូវបំពេញកាតព្វកិច្ចត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន និងត្រូវមានវិក័យបត្របង់សួយសារត្រឹម ត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះផងដែរ លោកអភិបាលរងខេត្ត បានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ត្រូវធ្វើការពិនិត្យ និងវាយតំលៃ ការដ្ឋានជីករណ្តៅដីទាំងពីរនេះ ឱ្យមានលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវដែរឬទេ ដើម្បីរងចាំការដោះស្រាយបន្តទៀត។/