Monday, January 20, 2025
Homeព័ត៌មានជាតិកូនង៉ែតកើត២ថ្ងៃ ធ្លាយក្រពះ វះកាត់២ដង រួចជីវិត

កូនង៉ែតកើត២ថ្ងៃ ធ្លាយក្រពះ វះកាត់២ដង រួចជីវិត

ភ្នំពេញ ៖ ទារកម្នាក់ ទើបនឹងសម្រាលបាន២ថ្ងៃ ស្រាប់តែកើតមានអាការប៉ោងពោះធំយ៉ាងចម្លែក និងត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីពិនិត្យព្យាបាលភ្លាមៗ លុះក្រុមគ្រូពេទ្យជំនាញធ្វើរោគវិនិច្ឆ័យរួច ដឹងថា ទារករូបនេះ បានកើតមានជំងឺធ្លាយក្រពះយ៉ាងធ្ងន់ និងចាំបាច់ត្រូវធ្វើការវះកាត់ ចំនួន២លើក ទើបអាចសង្គ្រោះជីវិតបានប្រកបដោយជោគជ័យ។

ទារកដែលទើបនឹងសម្រាល មានជំងឺធ្ងន់នេះ ត្រូវបានសម្រាលនៅឯមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

យោងតាមប្រភពពីមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹង កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ថា កូនង៉ែតតូចទើបកើតបាន២ថ្ងៃ មានជំងឺប៉ោងពោះយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានបញ្ជូនមកពីមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ លុះពេលបញ្ជូនមកដល់មន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ក្រុមគ្រូពេទ្យជំនាញ បានធ្វើរោគវិនិច្ឆ័យឃើញថា ទារករូបនេះ មានជំងឺធ្លាយក្រពះធ្ងន់ធ្ងរ និងត្រូវធ្វើការវះកាត់ជាបន្ទាន់បំផុត។

ប្រភពដដែល បន្តថា ក្រោយធ្វើការវះកាត់ដល់ ២លើក និងព្យាបាលថែទាំអស់រយៈពេល ២៥ថ្ងៃ រួចមក កូនង៉ែតដ៏កម្សត់នេះ បានធូរស្រាល និងរស់រានមានជីវិតវិញហើយ។

អរគុណ និងសូមកោតសរសើរក្រុមគ្រូពេទ្យសង្គ្រោះទារក និងក្រុមវះកាត់ ដែលបានជួយជីវិតមួយនេះ។

គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃ សម្រាប់គ្រប់គ្នា ដោយគ្មានការរើសអើង៕

RELATED ARTICLES