ខេត្តកណ្តាល ៖ សាកសពទារកម្នាក់ ដែលទើបនឹងមានអាយុប្រមាណ ២ទៅ៣សប្តាហ៍ ត្រូវបានប្រទះឃើញស្លាប់ក្នុង ស្រះទឹកមួយកន្លែង និងមានសភាពរាងកាយគួរឱ្យសង្ស័យថាត្រូវបានរងអំពើឃាតកម្ម ច្របាច់កសម្លាប់ រួចបោះចោល នៅក្នុងស្រះទឹក។
ករណីសង្ស័យអំពើឃាតកម្មលើទារក អាយុជិត១ខែខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ។
ទារករងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានអាយុប្រមាណជិត ១ខែប៉ុណ្ណោះ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកភូមិដើរឆ្លងកាត់ស្រះទឹកខាងលើ (ទីតាំង កើតហេតុ) ស្រាប់តែប្រទះឃើញសាកសពទារកម្នាក់ ស្លាប់នៅក្នុងស្រះ ទើបរត់ទៅប្រាប់អ្នកភូមិផ្សេងទៀត ឱ្យមកជួយ មើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗតែម្តង។
ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញ និងមន្ត្រីជំនាញអង្គភាពការពារកុមារ CPU ឱ្យចុះមកពិនិត្យនិងធ្វើកោសល្យវិច័យភ្លាមៗផងដែរ។

យោងតាមប្រភពពីអង្គភាពការពារកុមារ CPU បានឱ្យដឹងថា អង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស៊ើបអង្កេតទៅលើករណីស្លាប់ដោយមានការសង្ស័យរបស់ទារកអាយុប្រមាណ ២ទៅ៣សប្តាហ៍ ស្ថិតនៅភូមិ ស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សាកសព របស់ទារកម្នាក់ ភេទប្រុស ត្រូវបានរកឃើញនៅក្នុងស្រះទឹក។

តាមការបញ្ជាក់របស់អង្គភាពការពារកុមារ (CPU) ការពិនិត្យបានបង្ហាញថា ទារកនេះបានស្លាប់ដោយមានស្ថានភាពគួរឱ្យសង្ស័យជាច្រើន ហើយការស៊ើបអង្កេត កំពុងតែបន្ត ដើម្បីរកការពិតឱ្យឃើញ៕