Monday, September 23, 2024
Homeព័ត៌មានជាតិស្ត្រីជួញគ្រឿងញៀន ១៥គីឡូ តុលាការកំពូលតម្កល់ទោស២៨ឆ្នាំ

ស្ត្រីជួញគ្រឿងញៀន ១៥គីឡូ តុលាការកំពូលតម្កល់ទោស២៨ឆ្នាំ

ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលដីកា តម្កល់ទោសស្ត្រីជាប់ចោទ ឈ្មោះពុំ ស៊ន ជាប់ពន្ធនាគារ កំណត់ ២៨ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូននិងជួញដូរគ្រឿងញៀន ដោយខុសច្បាប់” ដែលអំពើល្មើសនេះ បានប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៩ នៅត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោកនិល ណុន ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឱ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះពុំ ស៊ន ភេទស្រី អាយុ៦៣ឆ្នាំ (កើតឆ្នាំ១៩៥៩) នៅក្នុងសំណុំរឿងនេះ ស្ត្រីជាប់ចោទត្រូវបានសាលាដំបូងខេត្តបាត់ដំបង កាត់ទោសកាលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាកំណត់២៨ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៥០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។

គួរបញ្ផាក់ថា បន្ទាប់ពីត្រូវបានសាលាដំបូងខេត្តបាត់ដំបង ចេញសាលក្រមផ្តន្ទាទោសរួចមក ស្ត្រីជាប់ចោទឈ្មោះពុំ ស៊ន បានសម្រេចប្តឹង ឧទ្ធរណ៍ និងបន្តប្តឹងសារទុក្ខ ឡើងមកតុលាការកំពូល ដើម្បីប្រឆាំងនឹងសាលក្រមរបស់សាលាដំបូង ខេត្តបាត់ដំបង ប៉ុន្តែទីបំផុត តុលាការកំពូល បានសម្រេចតម្កល់ទោសស្ត្រីជាប់ចោទឱ្យនៅដដែល ពោលគឺត្រូវជាប់ពន្ធនា គាររយៈពេល២៨ឆ្នាំ។

គួររំលឹកថា ជនជាប់ចោទឈ្មោះពុំ ស៊ន និងបក្សពួក២នាក់ឈ្មោះតាត គិរី ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះឈួន ម៉ារី ភេទស្រី អាយុ២៩ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ព្រមទាំងដកហូតបានវត្ថុតាង រួមមាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន៩គីឡូ និង៦០០ក្រាម។ គ្រឿងញៀនប្រភេទ WY ចំនួន២៦៩កញ្ចប់ ទម្ងន់៦គីឡូ និង១០០ក្រាម។ គ្រឿងញៀនសរុបទម្ងន់១៥,៧គីឡូក្រាម។ ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន២ រថយន្ត ចំនួន១គ្រឿង ទូរស័ព្ទដៃ ចំនួន ២គ្រឿង ប្រាក់ ចំនួន១ ៧៨៩ ០០០រៀល និង ២៣៦០បាត៕

RELATED ARTICLES