ខេត្តកំពង់ឆ្នាំង ៖ ក្រោយផ្ទុះការរិះគន់ពេញក្នុងបណ្តាញសង្គម ចំពោះចំណាត់ការរបស់សមត្ថកិច្ចស្រុកសាមគ្គីមានជ័យ ដែលបានចុះរុះរើ តារាងបាល់ទះ១កន្លែង និងឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាទៀតនោះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានចេញ សេចក្តីបំភ្លឺមួយ ដោយបញ្ផាក់ថាការលេងបាល់ទះនៅ ចំណុចខាងលើ (ទីតាំងបង្ក្រាប) នេះ មិនមែនតែដើម្បីសុខភាពនោះទេ គឺមានការដាក់ ភ្នាល់ប្រាក់ ជិត១ពាន់ដុល្លារឯណោះ។

យោងតាមសេចក្តីស្រាយបំភ្លឺរបស់រដ្ឋបាល ស្រុកសាមគ្គីមានជ័យ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានបញ្ផាក់ឱ្យដឹងថា រដ្ឋបាលស្រុក សាមគ្គីមានជ័យ សូមធ្វើការបំភ្លឺសារព័ត៌មាន និងឆ្លើយតបចំពោះម្ចាស់គណនីហ្វេសប៊ុក មានឈ្មោះ Bun Thorn Lay ដែលបានសរសេរផុសក្នុង បណ្តាញសង្គមថា “កុំចេះតែហ៊ាន ស្រុកខ្ញុំអញ្ចឹង តារាងបាលទះក៏ចាប់ដែរ អគុណបងបងដែលអនុវត្តច្បាប់”។


នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣៦នាទីព្រឹក គណបញ្ផាការឯកភាពរដ្ឋបាលស្រុក បានទទួលដំណឹងពីប្រជាពលដ្ឋ បានរាយការណ៍ថា កន្លែងលេងបាល់ទះ១កន្លែង នៅទីតាំងនោះ មានការភ្នាល់ដាក់ប្រាក់រហូតដល់ជិត១ពាន់ដុល្លារ។ គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកបានចុះធ្វើកិច្ចសន្យា និងណែនាំអប់រំ ដល់ម្ចាស់តារាងបាល់ទះឈ្មោះកែវ ណារី ស្ថិតនៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឈប់ឱ្យមានការភ្នាល់ ចំពោះកីឡាដែលលេងដើម្បីសុខភាព គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ពុំមានការហាមឃាត់នោះទេ មានតែលើកស្ទួយដល់វិស័យកីឡាបន្ថែមទៀត…។