ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ តែងប្រើប្រាស់ថ្នាំញៀនជាប្រចាំ លុះប្រើលើសកម្រិត (បែកថ្នាំ) បានដើរអុកឡុកក្នុងមូល ដ្ឋាន និងថែមទាំងបានបង្ករឿងឈ្លោះប្រកែកជាមួយក្រុមគ្រួសារ រហូតដល់វាយបំផ្លាញទ្រពរបស់ក្នុងផ្ទះខ្ទេចអស់ ទើប ស្ត្រីជាម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។
ការចាប់ឃាត់ខ្លួនជនសង្ស័យបំផ្លាញទ្រព្យសម្បត្តិម៉ែឪនេះ ធ្វើឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសួង វុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងដោយមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក ឃុត ភិន អធិការនគរបាលស្រុកទ្រាំង កម្លាំងជំនាញ បានចុះល្បាតតាមភូមិសាស្ត្រសំខាន់ៗ ក្នុងឃុំជីខ្មា និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីខ្មា កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះសួង វុទ្ធី តាមបណ្តឹងរបស់ក្រុមគ្រួសារ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងបង្កការអុកឡុកក្នុងមូលដ្ឋាន។
ប្រភពដដែល បន្តថា បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូត ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១កញ្ចប់ផងដែរ។
ករណីនេះ កម្លាំងជំនាញបានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ដើម្បីចាត់ការបន្តតាមនីតិវិធី៕