ភ្នំពេញ ៖ គូស្នេហ៍វ័យ ១គូ បានទាក់ទងស្នេហា និងរួមរស់ជាមួយគ្នាបាន ៥ខែមកហើយ និងកំពុងត្រៀមខ្លួនរៀបចំ ពិធីមង្គលការ នៅអំឡុងពេល ១ខែខាងមុខ ស្រាប់តែអកុសល ខណៈដែលស្ត្រីជាគូស្នេហ៍ចេញទៅធ្វើការបាត់ ស្រាប់ តែខាងប្រុស កើតអាការខ្យល់គរ ដេកស្លាប់ក្នុងអង្រឹង។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅចំណុច បន្ទប់លេខ K9 ស្ថិតក្នុងផ្សារដើមអម្ពិល ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះយ៉ុង ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរជាសន្តិសុខនៅផ្សារទំនើប ១កន្លែង សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ទីតាំងកើតហេតុខាងលើ ជាមួយគូស្នេហ៍ឈ្មោះឃឹម សុខុន អាយុ៤២ឆ្នាំ មុខរបរជាអ្នកអនាម័យ នៅក្នុងផ្សារទំនើបជាមួយគ្នា និងមានស្រុកកំណើតនៅភូមិដំរា ឃុំដំរា ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាមួយគ្នា។
តាមសម្តីស្ត្រីឈ្មោះឃឹម សុខុន ត្រូវជាគូស្នេហ៍បុរសរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា រវាងគាត់និងជនរងគ្រោះ គឺប្រៀបបាននឹងប្តីប្រពន្ធគ្នាទៅហើយ ដោយពួកគាត់បានទាក់ទងស្នេហា និងចាប់ផ្តើមមករួមរស់ជាមួយគ្នា នៅក្នុងបន្ទប់កើតហេតុខាងលើ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ មកម៉្លេះ ហើយពួកគាត់ក៏មានគម្រោងរៀបចំពិធីមង្គលការ នៅអំឡុងខែធ្នូ ខាងមុខនេះផងដែរ ស្រាប់តែអកុសល បែរជាមកជួបរឿងព្រាត់និរាសគ្នាបែបនេះទៅវិញ។
ស្ត្រីជាគូស្នេហ៍ជនរងគ្រោះ រៀបរាប់បន្តថា រយៈពេលកន្លងមក ពួកគាត់ស្នាក់នៅបន្ទប់ជួល តែពីរនាក់ ហើយប្តីរបស់គាត់ ធ្វើការនៅពេលយប់ (ចូលម៉ោង៨យប់ ចេញម៉ោង៨ព្រឹក) ចំណែកគាត់ ធ្វើការនៅពេលថ្ងៃ។ កន្លងមក ប្តីរបស់គាត់ មិនធ្លាប់មានជំងឺប្រចាំកាយអ្វីនោះទេ ប៉ុន្តែនៅរង្វង់២-៣ថ្ងៃ មុនថ្ងៃកើតហេតុ ប្តីគាត់បានត្អួញប្រាប់ថា ចេះតែមានអាការស្ពឹកស្រពន់ ចំណែកគាត់ក៏បានដេញប្តីឱ្យទៅពេទ្យ ពិនិត្យមើលដែរ តែគាត់មិនព្រមទៅ។
ស្ត្រីរូបនេះ បានបញ្ជាក់ថា លុះដល់ព្រឹកថ្ងៃកើតហេតុ ពេលប្តីគាត់ត្រឡប់មកពីធ្វើការ រួចហូបបាយ និងមានអាការធម្មតា ហើយប្តីគាត់បានចងអង្រឹងដេកនៅក្នុងបន្ទប់ជួល ដូចសព្វដង ចំណែករូបគាត់ បានចេញទៅធ្វើការជាធម្មតា។ លុះដល់វេលាកើតហេតុ ខណៈដែលគាត់ដល់ ម៉ោងចេញពីធ្វើការ នៅតែមិនឃើញប្តីមកដឹកគាត់ទៅផ្ទះវិញដូចរាល់ថ្ងៃ ទើបគាត់បានចុចទូរស័ព្ទទៅសួរ តែមិនលើក ។ ភ្លាមនោះ គាត់នឹកក្នុងចិត្តថាដូចជាមិនស្រួល ក៏ប្រញាប់ប្រញាល់ចេញពីធ្វើការ ត្រឡប់ទៅបន្ទប់ជួលវិញ។ នៅពេលទៅដល់ គាត់បានបើកទ្វារបន្ទប់ជួល ចូលទៅមើល ស្រាប់តែឃើញប្តីគាត់ (ជនរងគ្រោះ) ដេកលើអង្រឹង ធ្លាក់កចេញមកខាងក្រៅ និងមានឈាមហូរតាមច្រមុះទៀតផង។ ឃើញបែបនេះ គាត់បានស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ដែរ តែនៅពេលរថយន្តសង្គ្រោះបន្ទាន់បានមកដល់ ហើយក្រុមគ្រូពេទ្យពិនិត្យឃើញថា ប្តីគាត់បានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះមកធ្វើការត្រួតពិនិត្យទៅលើជនរងគ្រោះ រួចធ្វើការសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យស្ត្រីជាប្រពន្ធ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕