Wednesday, November 13, 2024
Homeព័ត៌មានជាតិប្តីចងកស្លាប់ ប្រពន្ធស្តាយក្រោយ រឿងមិនឲ្យប្តីរួមភេទ មួយយប់សោះ

ប្តីចងកស្លាប់ ប្រពន្ធស្តាយក្រោយ រឿងមិនឲ្យប្តីរួមភេទ មួយយប់សោះ

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច ក៏ដេកបែរខ្នងដាក់គ្នានិងមិននិយាយរកគ្នា ១ថ្ងៃ បន្ទាប់មកក៏ត្រូវរ៉ូវគ្នាវិញ បុរសជាប្តី បានកេះកៀវសុំប្រពន្ធរួមភេទ តែប្រពន្ធមិនព្រម ស្រាប់តែបុរសជាប្តីខឹងសម្បា បានដើរចេញពីផ្ទះបាត់ ១យប់ ។ លុះព្រឹកស្អែកឡើង ត្រូវបានប្រទះឃើញចងកស្លាប់នៅជាប់នឹងរបងផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យស្ត្រីជាប្រពន្ធទួញយំសោកថា មិនគួរណាប្តីគិតខ្លីអ៊ីចឹងសោះ និងនឹកស្តាយក្រោយថា បើខ្លួនព្រមឲ្យរួមភេទ ក៏ប្តីមិនចងកស្លាប់បែបនេះដែរ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចរបងផ្ទះពលរដ្ឋមួយកន្លែង ស្ថិតក្នុងភូមិព្រៃកុត សង្កាត់កំបូល ខណ្ឌកំបូល។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះ ថន សុវណ្ណនី អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិថ្លុកវាយ២ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះគង់ ណារី អាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងមានកូនប្រុសម្នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅបន្ទប់ជួល លេខ V4 ក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) គឺជាមនុស្សមានជំងឺសរសៃប្រសាទ តាំងពីក្មេងមកម៉្លេះ ដោយកាលពីតូច ពេលចេញទៅរកជីកក្តាម ត្រូវបានបងប្អូនកាប់រន្ធក្តាម បែរជាផ្លាតមកចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ និងកើតមានបញ្ហាសតិ មកដល់សព្វថ្ងៃតែម្តង។ លុះពេលចាប់ដៃគ្នាជាប្តីប្រពន្ធជាមួយគាត់មក គាត់ធ្លាប់បាននាំប្តីទៅចាក់ថ្នាំព្យាបាលជំងឺសរសៃប្រសាទដែរ ប៉ុន្តែមិនបានទៀងទាត់រាល់ខែនោះទេ ដោយសារកត្តាជីវភាពខ្វះខាត ហេតុនេះទើបរយៈពេល ២ទៅ៣ខែ ទើបបានចាក់ថ្នាំម្តង។

ស្ត្រីជាប្រពន្ធ បានរៀបរាប់បន្តថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ គាត់និងប្តី បានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយក៏បានដេកបែរខ្នងរកគ្នា អត់និយាយរកគ្នាឡើយ ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ប្តីបានចាកចេញបាត់ពីផ្ទះ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ទើបត្រឡប់ចូលផ្ទះ ហើយបានត្រូវរ៉ូវគ្នាជាមួយគាត់វិញ។ លុះដល់វេលាយប់ ថ្ងៃដដែល ប្តីបានសុំគាត់រួមភេទ ប៉ុន្តែគាត់មិនឱ្យ ដោយសារឃើញប្តីឈឺ ខ្លាចមានបញ្ហាសុខភាព ស្រាប់តែប្តីរបស់គាត់ខឹង ង៉ក់ងរ ទោះបីជាគាត់ខំលួងលោមយ៉ាងណាក៏មិនរំសាយកំហឹងដែរ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង ៨យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ប្តីគាត់បានដើរចេញទៅបាត់ពីផ្ទះ ហើយភ្លាមនោះ គាត់បានតាមរកដែរ តែរកអត់ឃើញ និងព្យាយាមទូរស័ព្ទទៀត តែប្តីមិនព្រមទទួល។ លុះមកដល់វេលាព្រឹកព្រលឹម ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ស្រាប់តែមានគេរត់មកប្រាប់ថា ប្រទះឃើញប្តីគាត់ចងកស្លាប់នៅចំណុចខាងលើ ទើបគាត់ប្រញាប់រត់ទៅមើល ក៏ឃើញប្តីចងកស្លាប់មែន ធ្វើឱ្យរូបគាត់ជាប្រពន្ធ ពិតជាហួសចិត្ត និងស្តាយក្រោយខ្លាំងណាស់ ព្រោះពុំនឹកស្មានថា ប្តីគិតខ្លីដល់ថ្នាក់ធ្វើអត្តឃាតចោលរូបគាត់ និងកូនប្រុស ដោយគ្រាន់តែមិនបានរួមភេទ ១យប់សោះបែបនេះ។

ដោយឡែក តាមប្រភពពីបុរសជាអ្នកឡើងត្នោតម្នាក់ ដែលជាអ្នកប្រទះឃើញសពជនរងគ្រោះមុនគេ បានរៀបរាប់ប្រាប់ថា នៅវេលាព្រឹកកើតហេតុនោះ គាត់បានដើរចេញពីផ្ទះ សំដៅទៅឡើងត្នោត នៅចំណុចកើតហេតុ ដូចសព្វដង លុះពេលទៅដល់ ស្រាប់តែប្រទះឃើញបុរសរងគ្រោះ ចងក ដោយយកខ្សែនីឡុងពណ៌ខ្មៅ ចងកជាប់ជាមួយដែកចម្រឹងរបង។ ពេលនោះគាត់ហាក់មានអារម្មណ៍តក់ស្លុត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានស្រែកប្រាប់អ្នកភូមិ ឱ្យទៅមើល បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។

ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ និងបានរាយការណ៍បន្តទៅខាងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន មូលហេតុដោយសារតែកើតមានជំងឺសរសៃប្រសាទប្រចាំកាយផង និងតូចចិត្តរឿងសុំប្រពន្ធរួមភេទមិនបានផង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យស្ត្រីជាប្រពន្ធ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES