ខេត្តក្រចេះ ៖ បុរសជាកម្មករចៀរជ័រកៅស៊ូម្នាក់ កំពុងអង្គុយជជែកគ្នាលេងនៅមុខផ្ទះស្នាក់នៅរបស់កម្មករសុខៗ ស្រាប់តែលេចមុខមិត្តភក្តិម្នាក់ មិនដឹងជាផឹកស្រាស្រវឹងមកពីណា ដើរសំដៅចូលមករក រួចទាញកាំបិតផ្គាក់កាប់ក្បាល ជនរងគ្រោះ ១កាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះភ្លាមៗ ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់។
ករណីនេះ បានកើតឡើង កាលពីវេលារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះស្នាក់នៅរបស់កម្មករចៀរជ័រកៅស៊ូ ស្ថិតក្នុងភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង។

ជនដៃដល់ មានឈ្មោះឆង់ ស៊ីនូ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះ មានឈ្មោះវឿន ពិសី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិជាមួយគ្នា។ ជនរងគ្រោះ និងជនដៃដល់ គឺជាកម្មករចៀរជ័រកៅស៊ូ ធ្វើការនិងស្នាក់នៅទីតាំងកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទើបនឹងសម្រាកពីការងារ បានមកអង្គុយជជែកគ្នាលេងនៅមុខផ្ទះស្នាក់នៅកម្មករ ជាមួយនិងអ្នករួមការងារ ២-៣នាក់ទៀត ស្រាប់តែបន្តិចក្រោយមក លេចមុខជនសង្ស័យ មិនដឹងមកពីណា បានដើរចូលមករកជនរងគ្រោះ ទាំងអាការស្រវឹងជោក រួចទាញកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ ចំក្បាល ១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយកាប់ប្រហារជនរងគ្រោះរួច ជនដៃដល់បានរត់គេចខ្លួនបាត់ភ្លាមៗ ដោយកាន់កាំបិតផ្គាក់ ទៅជាមួយផង។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះភ្លាមៗដែរ។
ជុំវិញករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ខាងលើ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕