ខេត្តព្រះសីហនុ ៖ ក្រោមការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការ អន្តរវិស័យ សាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានដឹកក្រុម ការងារចុះរើកខ្ចូសលំហែ ចំនួន ១២ខ្នង ក្រោយរកឃើញថា ការសាងសង់គ្មានច្បាប់អនុញ្ញាត ស្ថិតនៅលើឆ្នេរអូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុង ព្រះសីហនុ។


លោកប៊ូ វឌ្ឍនា បានលើកឡើងថា ចំពោះការសាងសង់ទាំងនេះ គឺគ្មានច្បាប់ ដែលធ្វើឱ្យប៉ះពាល់ចំណីឆ្នេរសាធារណៈ ដែលអាជ្ញាធរខេត្ត អាជ្ញាធរក្រុង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកដាក់រៀបចំឆ្នេរ ទាំងអស់នៅ ក្នុងក្រុង នៃខេត្តព្រះសីហនុ ឱ្យបានស្អាត មានសោភ័ណភាព សម្រាប់ឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត មិនអនុញ្ញាតឱ្យបុគ្គលឬក្រុមហ៊ុនណាយកឆ្នេរសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ ឬសាងសង់អ្វី នោះឡើយ។


លោកប៊ូ វឌ្ឍនា បានបន្ថែមថា ក្រោយពីមានការពន្យល់ណែនាំ និងឱ្យរុះរើវិញ ម្ចាស់ក្រុមហ៊ុនចិន ដែលបាននិងកំពុងសាងសង់ បានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរុះរើដោយខ្លួនឯងវិញ ដោយកន្លងមក ពួកគាត់យល់ខុសថា ឆ្នេរនេះ ពួកគាត់អាចយកប្រើប្រាស់ជាលក្ខណៈឯកជន តាមតម្រូវការបាន៕