Thursday, November 14, 2024
Homeព័ត៌មានជាតិអង្គការ FFI ចុះប្រមូលទិន្នន័យសំរាមសមុទ្រកម្ពុជា

អង្គការ FFI ចុះប្រមូលទិន្នន័យសំរាមសមុទ្រកម្ពុជា

ខេត្តព្រះសីហនុ ៖ អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ (Fauna & Flora International/FFI) បានឲ្យដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ថា គម្រោងប្លាស្ទិកសមុទ្រ របស់អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ (FFI) បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានគ្រប់គ្រងសំណល់រឹង និងនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នៃក្រសួងបរិស្ថាន បានចុះប្រមូលទិន្នន័យសំរាមសមុទ្រ ទ្រង់ទ្រាយធំ ជាលើកដំបូង ក្នុងប្រទេសកម្ពុជា។

អង្គការ FFI ឲ្យដឹងថា ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ ពីគម្រោង SEA circular (ដែលផ្តួចផ្តើមដោយ UNEP និង COBSEA) និងអង្គការស្រាវជ្រាវ CSIRO ប្រទេសអូស្រ្តាលី ការសិក្សានេះ មានគោលបំណងដើម្បីបង្តើតទិន្នន័យមូលដ្ឋានសំរាមសមុទ្រ ដ៏រឹងមាំ និងអាចយកជាតំណាងឲ្យប្រទេសកម្ពុជា បាន ដែលទិន្នន័យនេះ ប្រទេសយើងពុំទាន់មាននៅឡើយ។ ទិន្នន័យមូលដ្ឋានសំរាមសមុទ្រនេះ គឺមានភាពសំខាន់ជាខ្លាំង សម្រាប់ឲ្យប្រទេសកម្ពុជា អាចបង្កើតជាកម្មវិធីតាមដានសំរាមសមុទ្រមួយ ដែលផ្អែកលើភ័ស្តុតាងជាក់ស្តែង និងដែលស្របទៅនឹងក្របខ័ណ្ឌប្រចាំតំបន់ (ដូចជាក្របខ័ណ្ឌ COBSEA និង ASEAN)។

យោងតាមវិធីសិក្សា និងប្រមូលទិន្នន័យ របស់អង្គការ CSIRO ក្រុមការងារ រួមមានមន្ត្រីអង្គការ FFI ០២រូប មន្រ្តីតំណាងនាយកដ្ឋានទាំងពីរខាងលើ ០៤រូប និងបុគ្គលិកប្រមូលទិន្នន័យ ១១រូប បានធ្វើដំណើរឆ្លងកាត់តំបន់ប៉ែកខាងសមុទ្រ ដែលមានអង្កត់ផ្ចិតជាង ២០០គីឡូម៉ែត្រ ដើម្បីប្រមូលទិន្នន័យក្នុងខេត្ត ចំនួន០៦ រួមមាន ខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ និង តាកែវ។ សកម្មភាពប្រមូលទិន្នន័យ បានចាប់ផ្តើម បន្ទាប់ពីក្រុមការងារបានទទួលវគ្គបណ្តុះបណ្តាល រយៈពេល ៣ថ្ងៃ។ បច្ចុប្បន្ន ក្រុមការងារបានប្រមូលទិន្នន័យលើសពី ៩០ទីតាំង តាមតំបន់ឆ្នេរ ស្ទឹង អូរ និងទីគោក ដែលទីតាំងទាំងអស់ ត្រូវបានជ្រើសរើសដោយឥតគ្រោងទុក ដោយប្រើផែនទី GIS និងការវិភាគស្ថិតិ។ ទីតាំងទាំងអស់ ខ្លះនៅក្បែរទីរួមខេត្ត ឬទីប្រជុំជន ខ្លះនៅឆ្ងាយ ហើយភាគច្រើនមានដូចជា ឆ្នេរសមុទ្រ ដែលគ្មានឬកម្រមានមនុស្សទៅលេង ស្ទឹង ឬអូរនៅទីជនបទដាច់ស្រយាល និងនៅក្នុងឧទ្យានជាតិ ក្នុងព្រៃ វាលស្រែ ជាដើម។

អង្គការ FFI សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ជំនួយក្រសួងបរិស្ថាន និងមន្រ្តីតំណាង ក៏ដូចជាក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងខ្នះខ្នែង ធ្វើសកមុ្មភាពយ៉ាងសំខាន់នេះ ឲ្យដំណើរការទៅបាន។ ការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ដៃគូពាក់ព័ន្ធទាំងអស់ គឺជាអ្វីដែលប្រទេសកម្ពុជា ត្រូវការ ដើម្បីដោះស្រាយបញ្ហាបំពុលសំរាមប្លាស្ទិកសមុទ្រ ដ៏ធំធេង ដែលកំពុងជួបប្រទះសព្វថ្ងៃ។

សូមបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ ក្រុមការងារកម្មវិធីអភិរក្សតំបន់ឆ្នេរនិងសមុទ្រ នៃអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ (FFI) សហការជាមួយក្រុមការងារមូលនិធិសង្សារ  បានធ្វើការអង្កេតត្រួតពិនិត្យ និងធ្វើផែនទីជម្រកស្មៅសមុទ្រ នៅជុំវិញកោះរ៉ុង ផងដែរ ក្នុងគោលបំណងដើម្បីតាមដានសុខភាពនិងវិសាលភាពនៃជម្រកស្មៅសមុទ្រ និងវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងសមុទ្រ ក្នុងឧទ្យានជាតិសមុទ្រ កោះរ៉ុង។ ជាក្តីសោមនស្សរីករាយ ដែលក្រុមការងារបានរកឃើញទីតាំងជម្រកស្មៅសមុទ្រថ្មី ដែលស្ថិតនៅជុំវិញកោះរ៉ុង ផងដែរ។

បើតាមអង្គការ FFI ជម្រកស្មៅសមុទ្រ ផ្តល់ផលប្រយោជន៍ មិនត្រឹមតែដល់សត្វក្រោមសមុទ្រ ប៉ុណ្ណោះទេ ថែមទាំងដល់ជីវចម្រុះលើគោក ដែលរួមទាំងមនុស្សផងដែរ។ ស្មៅសមុទ្រដ៏តូចល្អិតទាំងនេះ មានសមត្ថភាពផលិតអុកស៊ីសែន បានច្រើនជាងព្រៃឈើលើគោកទៅទៀត។ ពួកវាអាចស្រូបយក និងស្តុកកាបូនឌីអុកស៊ីដ ដែលយើងផលិតបានយ៉ាងច្រើន ដែលជួយរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ វាជួយកាត់បន្ថយកម្លាំងរលកទៀតផង។ ក្រៅពីនេះ វាផ្តល់នូវកន្លែងសម្រាប់ត្រីពងកូន និងជម្រកសម្រាប់កូនត្រីធំធាត់ ដើម្បីប្រជានេសាទយើងប្រកបរបរចិញ្ចឹមជីវិត  និងដើម្បីយើងបរិភោគ។ វាក៏ជាអាហារសម្រាប់ប្រភេទសត្វសមុទ្រ ជាច្រើនផងដែរ។ តំបន់ឆ្នេរដែលមានវត្តមានស្មៅសមុទ្រ គឺជាតំបន់ដែលមានសក្តានុពល ទាំងជីវចម្រុះសមុទ្រសម្បូរបែប ជលផលសមុទ្រ លើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ និងទេសចរណ៍។

ក្រុមការងារកម្មវិធីអភិរក្សតំបន់ឆ្នេរនិងសមុទ្រ នៃអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ អំពានាវឲ្យមានការចូលរួមការពារជម្រកស្មៅសមុទ្រ ទាំងអស់គ្នា៕ ខៀវទុំ

RELATED ARTICLES