ខេត្តបាត់ដំបង ៖ ក្មេងស្រីតូចម្នាក់ អាយុទើបនឹង៧ខែ បានរមៀលធ្លាក់ពីលើគ្រែ ចូលទៅក្នុងទឹកដែលមានជម្រៅប្រមាណ ១ម៉ែត្រ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលស្ត្រីជាម្តាយដេកលក់មួយភាំង។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចទួលចារ ស្ថិតក្នុងក្រុមទី២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ។
ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះជា រក្សា អាយុ៧ខែ មានលំនៅក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ និងម្តាយ បានដេកក្បែរគ្នា នៅលើគ្រែ ទីតាំងកើតហេតុ លុះក្រោយមក ខណៈដែលស្ត្រីជាម្តាយដេកលក់១ភាំង ស្រាប់តែកូនស្រីតូច បានរមៀលធ្លាក់ចូលក្នុងទឹក ដែលមានជម្រៅប្រមាណ ១ម៉ែត្រ។ បន្ទាប់មក ពេលភ្ញាក់ដឹងខ្លួន ស្រាប់តែបាត់មិនឃើញកូននៅក្បែរ ទើបស្ត្រីជាម្តាយ បានចុះទៅរក ក៏ប្រទះឃើញកូនស្រីលង់ទឹកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ រួចបានធ្វើការសន្និដ្ឋានបានថា ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕