ភ្នំពេញ ៖ ផ្សារលក់ដូរមួយកន្លែង (ផ្សារដើមអម្ពិល) ដែលមានទីតាំងស្ថិតនៅក្បែរសាលាទួនហ្វា ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ត្រូវបានគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយបានបំផ្លាញតូបលក់ដូររបស់អាជីវករ អស់សរុបចំនួន ១២តូប បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ-ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹក ចំនួន ១២គ្រឿង ដើម្បីចេញមកជួយសង្គ្រោះ ដោយប្រើប្រាស់ទឹកអស់ជាង ៧ឡាន ហើយឡានទឹកទាំងអស់នេះ មានទាំងរបស់សមត្ថកិច្ច និងក្រុមហ៊ុនឯកជន ដែលបានរួមដៃគ្នាយ៉ាងស្អិតល្មួត។


នាយការិយាល័យបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ បន្តថា ឡានទឹកដែលចេញជួយសង្គ្រោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន៩គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ផ្សារទំនើបអូឡាំព្យ៉ា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញតូបអាជីវករលក់ដូរ អស់ចំនួន ១២តូប ទាំងស្រុង ក្នុងនោះជាប្រភេទឈើប្រក់សង្ក័សី ដែលមានទំហំ ១ម៉ែត្រ គុណនឹង ២ម៉ែត្រ។
ករណីគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងតែធ្វើការស្រាវជ្រាវ ដោយក្នុងនោះ មិនមានអ្នករងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ៕