ខេត្តកណ្តាល ៖ នារីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ ដែលគេដឹងថាជាមនុស្សស្រលាញ់ភេទដូចគ្នា (ស្រីតែងខ្លួនប្រុស) មានវិបត្តិផ្លូវចិត្ត (មានជម្លោះជាមួយស្នេហ៍ភេទដូចគ្នា ដោយសារភ្លើងប្រចណ្ឌ) ស្រាប់តែចេញពីធ្វើការ បានផឹកស្រារហូតដល់ស្រវឹង លុះពេលធ្វើដំណើរឆ្លងទូកដ ត្រឡប់មកផ្ទះវិញ ដល់ពាក់កណ្តាលទន្លេ ក៏លោតចុះពីទូកដ ចូលទឹកទន្លេ បណ្តាលឱ្យលិចបាត់ខ្លួនឈឹង។

ហេតុការណ៍លោតទឹកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចកំពង់ចម្លងវត្តខ្ពប ដើមព្រីង ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង។
មន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា នារីដែលលោតទឹកសម្លាប់ខ្លួន មានឈ្មោះញឹម សុផារី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅភូមិកំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បច្ចុប្បន្នស្នាក់នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ក្រោយពេលចេញពីធ្វើការរោងចក្រ គេឃើញនារីរងគ្រោះ បានមកអង្គុយផឹកស្រានៅមុខវត្តព្រែកអំបិល ទាំងទឹកមុខស្រងូតស្រងាត់ ហាក់មានវិបត្តិអ្វីម៉្យាងក្នុងចិត្ត តែមិនមានអ្នកណាម្នាក់ហ៊ានសួរនាំឡើយ។ ក្រោយមក បន្ទាប់ពីផឹកស្រាស្រវឹង នារីរងគ្រោះបានឡើងទូកដ នៅកំពង់ដដើមព្រីង បំណងឆ្លងត្រឡប់មកផ្ទះ នៅភូមិរកាលើ លុះពេលឆ្លងដល់ពាក់កណ្តាលទន្លេ ស្រាប់តែនារីរងគ្រោះ បានស្ទុះលោតពីលើទូកដ ចូលទៅក្នុងទឹកទន្លេ បណ្តាលឱ្យលិចចូលទឹកបាត់ឈឹងតែម្តង។


ដោយឡែក តាមប្រភពពីមិត្តភក្តិរបស់នារីរងគ្រោះ បានបង្ហើបប្រាប់ថា នារីរងគ្រោះ គឺជាមនុស្សស្រលាញ់ភេទដូចគ្នា ហើយនារីរងគ្រាះ មានគូស្នេហ៍ជាមនុស្សស្រីដូចគ្នា ដោយនារីរងគ្រោះដើរតួជាប្តី (ស្រីតែងខ្លួនប្រុស) ប៉ុន្តែថ្មីៗនេះ ពួកគេបានជាកើតមានជម្លោះនឹងគ្នា ដោយសារភ្លើងប្រចណ្ឌ ទើបនារីរងគ្រោះ ខូចចិត្ត រហូតផឹកស្រារហូតស្រវឹង ហើយក៏គិតខ្លីសម្រេចបញ្ចប់ជីវិតខ្លួនឯងចោលជាគូស្នេហ៍ភេទដូចគ្នាបែបនេះតែម្តង។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច និងក្រុមគ្រួសារ សាច់ញាតិនារីរងគ្រោះ បាននាំគ្នាជួយរាវរកដែរ តែមិនទាន់ឃើញសពនៅឡើយ ៕