ភ្នំពេញ ៖ យុវតីម្នាក់ បានហៅរថយន្តក្រុងជិះ ចេញពីស្ពានគីហ្សូណា ខេត្តកំពង់ចាម សំដៅចូលមករាជធានីភ្នំពេញ លុះមកដល់បេន (ចំណតរថយន្ត) បែរជាមិនព្រមចុះ គិតតែពីយំ ទោះជាតៃកុងរថយន្តព្យាយាមហៅឱ្យចុះយ៉ាងណា ក៏ក្រាញននៀលមិនព្រមចុះដាច់ខាត និងថែមទាំងសុំបារីជក់ លុះបានបារី ១ដើម ក៏ព្រមចុះ ហើយបន្ទាប់ពីសមត្ថកិច្ចចុះ អន្តរាគមន៍ សួរនាំ ទើបដឹងថា យុវតីរូបនេះ មានសតិមិនប្រក្រតី។
ករណីក្មេងស្រីជិះឡានក្រុង អត់លុយ ហើយមិនព្រមចុះពីលើឡាននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចចំណតរថយន្តក្រុងមួយកន្លែង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យុវតីខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណមិនដល់ ២០ឆ្នាំនៅឡើយ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ យុវតីខាងលើ បានឈរហៅរថយន្តក្រុងខាងលើជិះ នៅត្រង់ចំណុចគល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម គោលដៅមករាជធានីភ្នំពេញ។ លុះពេលរថយន្តក្រុង បានចូលមកដល់បេន (ចំណតរថយន្ត) ស្ថិតនៅទីតាំងកើតហេតុខាងលើ បែរជាយុវតីរូបនេះ មិនមានលុយឱ្យថ្លៃឈ្នួលរថយន្ត ហើយមិនព្រមចុះពីរថយន្ត និងគិតតែពីអង្គុយយំ ក្រាញននៀលមិនព្រមចុះដាច់ខាត ទោះជាមានអ្នកអង្វរករ លួងលោមឱ្យចុះយ៉ាងណា ក៏នាងមិនព្រមចុះដាច់ខាត។
ប្រភពដដែល បន្តថា បន្ទាប់មក យុវតីរូបនេះ បានសុំបារី ១ដើម យកមកជក់ ទើបមានអ្នកហុចបារី ឱ្យនាង១ដើម និងភេសជ្ផៈ ១កំប៉ុង រួចព្យាយាមលួងលោមថែមទៀត ទើបនាងព្រមចុះ ហើយក៏ត្រូវបានគេរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ ធ្វើការសាកសួរ ទើបដឹងថា យុវតីរូបនេះ គឺជាមនុស្សមានសតិមិនប្រក្រតី រួចក៏ត្រូវសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរបន្ត និងស្រាវជ្រាវរកសាច់ញាតិ មកទទួលយកត្រឡប់ទៅផ្ទះវិញ៕