Monday, September 23, 2024
Homeព័ត៌មានជាតិដេញកាប់គេតាមរោងបុណ្យ ៧ដង ជាប់ខ្នោះ៦នាក់

ដេញកាប់គេតាមរោងបុណ្យ ៧ដង ជាប់ខ្នោះ៦នាក់

ខេត្តតាកែវ ៖ ក្មេងទំនើងប្រចាំភូមិ ១ក្រុម ដែលតែងធ្វើសកម្មភាពអុកឡុក វាយកាប់ចាក់គេឯងពេញដងផ្លូវសាធារណៈ ពិសេសធ្លាប់ចូលបង្ករឿង ដេញកាប់គេតាមរោងបុណ្យ រោងការ ផ្សេងៗ ចំនួន៧ដងរួចមកហើយនោះ ពេលនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាប ចាបឃាត់ខ្លួនបានចំនួន ៦នាក់ ខណៈដែលបក្ខពួកផ្សេងទៀត បានរត់គេចអស់។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងប្រចាំភូមិនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងដោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងតាមបទបញ្ជាដឹកនាំចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ភូមិ-ឃុំ អធិការនគរបាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ គ្រប់ស្រុក-ក្រុង ត្រូវតែបង្ការទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ឱ្យខាងតែបាន។

ជាក់ស្តែង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១យប់ មានករណីក្មេងទំនើង ជិះម៉ូតូ ពី៤ទៅ៥គ្រឿង មានគ្នាប្រមាណពី ៨ទៅ១០នាក់ ប្រដាប់ដោយដំបងនិងដាវ បានដើរអុកឡុក វាយនិងកាប់គេឯង តាមផ្លូវសាធារណៈ និងកម្មវិធីបុណ្យកឋិនទាន នៅចំណុចភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ស្រុកត្រាំកក់។ បន្ទាប់មក ក្រុមក្មេងទំនើងទាំងនោះ បានចូលទៅវាយកម្ទេចម៉ូតូជនរងគ្រោះ ចំនួន៣នាក់ ដែលកំពុងអង្គុយលេងនៅផ្ទះឈ្មោះអ៊ីង រ័ត្ន ភេទស្រី អាយុ ៥៩ឆ្នាំ នៅភូមិត្រពាំងថ្នល់ ដែលក្នុងនោះ រួមមាន ទី១-ឈ្មោះហៀក សារី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបាក់កូដ ឃុំលាយបូរ (បែកក្បាំងម៉ូតូ និងក្បាលម៉ូតូ ស៊េរីឆ្នាំ២០១៨)។ ទី២-ឈ្មោះហុង លី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងថ្នល់ ឃុំស្រែរនោង (ខូចម៉ូតូស៊េរីឆ្នាំ២០១៩ បែកក្បាំង ក្បាលមុខ និងផ្លាកលេខ) និងទី៣-ឈ្មោះទឹម គង្គា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងថ្នល់ ឃុំស្រែរនោង (ខូចខាតម៉ូតូស៊េរីឆ្នាំ២០១៨ ក្បាំងក និងស៊ីប្លេម៉ូតូ)។

បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធឺយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះធ្វើការស្រាវជ្រាវ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តតាកែវ រហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនបានម្នាក់ ឈ្មោះសៅ ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម យកមកសាកសួរ រួចក៏បន្តឃាត់ខ្លួនបក្ខពួកចំនួន៥នាក់ បន្ថែមទៀត រួមមាន ទី១-ឈ្មោះលន់ ភក្តី ហៅទ្រួក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃស្នួល ឃុំគូស។ ទី២-ឈ្មោះម៉ែន ភូស៊ីន ហៅហ្វូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ដកហូតម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ តាកែវ 1Y-1802 ចំនួន១គ្រឿង។ ទី៣-ឈ្មោះស៊ុយ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ដកហូតម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1Q-9913 ចំនួន១គ្រឿង។ ទី៤-ឈ្មោះខាន់ វាសនា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំលាយបូរ  ដកហូតម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពណ៌ខ្មៅ គ្មានស្លាកលេខ និងទី៥-ឈ្មោះកែត ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម។ ចំណែកបក្ខពួកមួយចំនួនទៀត បានរត់គេចខ្លួនអស់។

ក្រុមជនសង្ស័យទាំង៦នាក់ ខាងលើ បានឆ្លើយសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពដេញកាប់គេតាមផ្លូវ ពិសេសតាមរោងបុណ្យ និងរោងការ សរុបចំនួន ៧ដងមកហើយ។

ជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES