ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស (ជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែក)។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ រហូតមកដល់វេលាម៉ោង ១០យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចមុខហាងខារ៉ាអូខេ យីហោ Party world ផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពៅ ពីយ៉ាបុត្រ ហៅបុត្រ អាយុ២៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូ ជាមួយមិត្តភក្តិចេញពីផ្សារធំថ្មី ទៅធនាគារ តាមបណ្តោយផ្លូវ៥១ លុះពេលធ្វើដំណើរតាមផ្លូវ មកដល់ចំណុច ក្រោយ សាលាវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ក៏ត្រូវបានជនសង្ស័យ ជិះម៉ូតូ ១គ្រឿង ម៉ាក Honda PCX ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នា២នាក់គ្នា មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឆក់យកខ្សែក ហើយក៏ជិះម៉ូតូរត់គេចខ្លួនបាត់តែម្តង។
ប្រភពដដែល បន្តថា ក្រោយពីបានទទួលពាក្យបណ្តឹង កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ បានចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវ ពិនិត្យកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ ឈានដល់កំណត់អត្តសញ្ញាណមុខសញ្ញាដែលផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាលបានចងក្រងទុក តាមច្បាមគ្រប់ទីកន្លែងដែលមុខសញ្ញាចេញចូលស្នាក់នៅ។
រហូតមកដល់វេលាម៉ោង ១០យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្រោយពីកំណត់បានទីតាំងលាក់ខ្លួន ផ្នែកជំនាញប៉ុស្តិ៍ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពៅ ពីយ៉ាបុត្រ ហៅបុត្រ នៅចំណុចមុខហាងការ៉ាអូខេ យីហោ Party world ផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ យកមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្តនីតិវិធី៕