Friday, November 15, 2024
Homeព័ត៌មានជាតិជួញគ្រឿងញៀន១៦០គីឡូ បញ្ជូន៣នាក់ឡើងតុលាការ

ជួញគ្រឿងញៀន១៦០គីឡូ បញ្ជូន៣នាក់ឡើងតុលាការ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ក្នុងករណីដឹកជញ្ជូននិងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ចំនួន ១៦០គីឡូក្រាម។

គួរបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឹម វីរៈ  លោកវរសេនីយ៍ឯក វ័រ វុទ្ធា លោកវរសេនីយ៍ឯក ហៀង ធារ៉ា នាយករងមន្ទីរ លោកវរសេនីយ៍ទោ សាន សុខបាន និងលោកវរសេនីយ៍ទោ ហ៊ីង សំអឿន នាយរងការិយាល័យ (ក៧) ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលដោយលោកស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ មកកម្ពុជា នៅចំណុចផ្លូវលេខ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ រួមមាន ទី១-ឈ្មោះង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម។ ទី២-ឈ្មោះប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឡាវ និងទី៣-ឈ្មោះលឹម កុយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ។ រីឯវត្ថុតាងចាប់យក រួមមាន មេតំហ្វេតាមីន (ICE) ១៦០ដុំ ទម្ងន់ប្រមាណ១៦០គីឡូក្រាម។

ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES