Friday, November 15, 2024
Homeព័ត៌មានជាតិកូនអត់នៅ ឪលង់ទឹកស្លាប់

កូនអត់នៅ ឪលង់ទឹកស្លាប់

ខេត្តកំពង់ឆ្នាំង ៖ បុរសវ័យចំណាស់ម្នាក់ នៅចាំផ្ទះតែម្នាក់ឯង ខណៈដែលកូន និងកូនប្រសារ មានធុរៈចេញទៅខេត្តផ្សេង ចំណែកចៅៗ នាំគ្នាចេញទៅរៀនបាត់ លុះត្រឡប់មកវិញ បាត់ជីតាមិនដឹងទៅណា ក៏ដើររក ស្រាប់តែឃើញស្បែកជើងនៅមាត់ទឹក ទើបសង្ស័យថា ជីតាលង់ទឹក ក៏រត់ទៅហៅអ្នកភូមិឱ្យជួយចុះរាវរក ក៏ប្រទះឃើញសាកសពជនរងគ្រោះ ស្លាប់ក្នុងទឹកបាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ខាងលើ មានឈ្មោះកែវ វ៉ាយ អាយុជាង៧០ឆ្នាំ មានលំនៅឯខេត្តកំពង់ចាម តែបានមកលេង ផ្ទះកូន ស្រីបង្កើតនៅចំណុចភូមិឆ្នុកទ្រួ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ (ទីតាំងកើតហេតុខាងលើ) ប៉ុន្មានថ្ងៃមកហើយ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា បុរសចំណាស់ខាងលើបានមកលេងផ្ទះកូនស្រីបង្កើតរបស់ខ្លួនដែលមានប្តីឈ្មោះលឹម ខឿន នៅភូមិឆ្នុកទ្រួ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ប៉ុន្មានថ្ងៃមកហើយ។ លុះនៅព្រឹកថ្ងៃកើតហេតុ ម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធដែលត្រូវជាកូនបង្កើត និងកូន ប្រសាររបស់បុរសចំណាស់រងគ្រោះខាងលើ មានធុរៈទៅខេត្តកំពង់ធំ ដោយទុកឱ្យឪពុកនៅផ្ទះជាមួយនឹងចៅៗ២នាក់ ប៉ុន្តែចៅៗមិនបាននៅផ្ទះ នោះទេ គឺបានទៅសាលារៀនទាំង២នាក់។

ប្រភពដដែលបន្តថា លុះដល់ម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ពេលចៅៗប្រុសស្រីទាំង២នាក់ ដោយម្នាក់ឈ្មោះសេន ដាវិត ភេទប្រុស និងម្នាក់ទៀតឈ្មោះសេន ជីតា ភេទស្រី បានត្រឡប់មកពីសាលារៀនវិញ មិនឃើញជីតារបស់ខ្លួនឡើយ គឺឃើញតែស្បែកជើងនៅមាត់ទឹក ប៉ុណ្ណោះ ក៏មានការសង្ស័យ ហើយក៏បានប្រាប់ឱ្យអ្នកជិតខាងឱ្យជួយរាវរកក្នុងទឹកជាប់ផ្ទះ។

ប្រភពខាងលើបញ្ផាក់ថា ពេលនោះមានមនុស្សម្នាជាច្រើន ក្នុងនោះមានលោក សាំង គីមស៊ន មេឃុំឆ្នុកទ្រូ ផង បានបញ្ជាឱ្យអ្នកមាន ម៉ាស៊ីនខ្យល់ជួយរាវរកបន្ថែម លុះរហូតដល់ម៉ោង១និង១០នាទីរសៀលថ្ងៃដដែល ទើបប្រទះឃើញបុរសចំណាស់ខាងលើ បានលង់ទឹកស្លាប់បាត់ ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។/

RELATED ARTICLES