Friday, November 15, 2024
Homeព័ត៌មានជាតិស្រលាញ់គ្នា១០ថ្ងៃ ដឹកសង្សារដើរលេង ឡានកិនស្រីស្លាប់

ស្រលាញ់គ្នា១០ថ្ងៃ ដឹកសង្សារដើរលេង ឡានកិនស្រីស្លាប់

ភ្នំពេញ ៖ គូស្នេហ៍វ័យ១គូ ទើបនឹងទាក់ទងស្នេហាគ្នាតាមរយៈហ្វេសប៊ុក បានប្រមាណ១០ថ្ងៃ ក៏ណាត់ជួបមុខគ្នា រួចដឹកគ្នាដើរលេង ស្រាប់តែជួបគ្រោះអកុសល ត្រូវរថយន្តដឹកទឹកសុទ្ធ១គ្រឿងបើកបុកបណ្តាលឱ្យដួល ធ្លាក់យុវតីជាគូស្នេហ៍ចូលក្រោមកង់រថយន្ត កិនបែកក្បាល ស្លាប់មួយរំពេច ចំណែកខាងប្រុសរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវហាណូយ កែងផ្លូវលេខ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យុវតីរងគ្រោះដែលត្រូវរថយន្តកិនបែកក្បាលស្លាប់ មានឈ្មោះអួន ស្រីពុំ អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ចំណែករថយន្តបង្កគ្រោះថ្នាក់ ម៉ាក ISUZU ពាក់ស្លាកលេខ ភ្នំពេញ 2BE-7160 ជារថយន្តដឹកទឹកសុទ្ធរបស់ក្រុមហ៊ុន EVA បើកបរដោយឈ្មោះសែ ពុធ ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះ រួមដំណើរជាមួយយុវជនម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកស្កុបពី ពណ៌ស  ពាក់ស្លាកលេខ កណ្តាល 1Z-5229 បានធ្វើដំណើរតាមផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើង។ លុះពេល ធ្វើដំណើរ មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវរថយន្តដឹកទឹកសុទ្ធខាងលើ ធ្វើដំណើរតាមផ្លូវលេខ ១៩៦៦ ក្នុងទិសដៅពីកើតទៅលិចបើក ឆ្លងផ្លូវ ក៏ជ្រុលមកបុកម៉ូតូជនរងគ្រោះ បណ្តាលឱ្យនារីរងគ្រោះដែលជិះពីក្រោយដួលធ្លាក់ចូលក្រោមកង់រថយន្ត កិនបែកក្បាលស្លាប់ភ្លាមៗ មួយួ រំពេចតែម្តង ចំណែកយុវជនដែលជាអ្នកបើកម៉ូតូរងរបួសស្រាល។

ក្រោយបង្កហេតុរួច រថយន្តខាងលើ បានព្យាយាមបើកគេចចេញពីទីតាំងកើតហេតុភ្លាមៗ ប៉ុន្តែត្រូវបានកម្លាំងសណ្តាប់ខណ្ឌសែនសុខ ដេញតាមឃាត់បានទាំងអ្នកបើកបរ និងរថយន្តបង្ក។

តាមសម្តីយុវជនជាអ្នកបើកម៉ូតូ បានរៀបរាប់ប្រាប់ទាំងរន្ធត់ចិត្តថា យុវតីដែលបាត់បង់ជីវិតខាងលើនេះ គឺជាសង្សាររបស់ខ្លួន ដែល ពួកគេទើបនឹងទាក់ទងស្នេហាគ្នាបានប្រមាណ១០ថ្ងៃប៉ុណ្ណោះ ហើយនៅថ្ងៃកើតហេតុ ដោយពួកគេទាំងពីរនាក់ទំនេរពីការងារ ក៏បានណាត់ជួបគ្នា និងជិះម៉ូតូឌុបគ្នាទៅលេងផ្ទះបងប្អូន តែមិនទាន់ទាំងទៅដល់ផង ក៏ជួបគ្រោះអកុសល នៅពាក់កណ្តាលផ្លូវ បណ្តាលឱ្យុយុវតីជាសង្សារបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បែបនេះតែម្តង។

យុវជនរូបនេះ បានបន្តថា នៅមុនពេលកើតហេតុ រូបគេ និងយុវតីរងគ្រោះជាសង្សារ បានណាត់ជួបមុខគ្នា រួចក៏ដឹកគ្នាដើរលេង ដោយ ធ្វើដំណើរចេញពីម្តុំផ្សារដីហុយ ជិះតាមបណ្តោយផ្លូវហាណូយ ឆ្ពោះទៅម្តុំវត្តសំរោងអណ្តែត ក្នុងគោលបំណងទៅ លេងផ្ទះបងប្អូន។ លុះពេល ធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែត្រូវរថយន្តដឹកទឹកសុទ្ធ១គ្រឿង បើកមកបុក បណ្តាលឱ្យដួលម៉ូតូទាំងអស់គ្នា ហើយពេល នោះ យុវតីជាសង្សារ បានធ្លាក់ចូលទៅក្រោមកង់រថយន្ត ក៏ត្រូវរថយន្តបង្កនោះ កិនចំក្បាល បណ្តាលឱ្យបែកក្បាលស្លាប់នៅនឹង កន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ។ ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ផូនទៅចាត់ការបន្ត តាមនីតិវិធី។

ដោយឡែក សាកសពយុវតីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ មកទទួលយកទៅរៀបចំធ្វើបុណ្យតាម ប្រពៃណី។/

RELATED ARTICLES