ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ បានពកូនតូចរបស់ខ្លួនដែលទើបនឹងមានអាយុ ១ខួបកន្លះ (១៨ខែ) ទៅដើរលេងក្នុងពិធីប្រណាំងទូក នៅកណ្តាលក្រុងស្វាយរៀង លុះក្រោយមក មានស្ត្រីដៃស្អិតម្នាក់ បានចូលមកធ្វើសកម្មភាពលួចកាត់ខ្សែកកូនតូចរបស់ខ្លួន តែភ្លាមនោះស្ត្រីជាម្តាយឃើញទាន់ ក៏ស្រែកឆោឡោ និងចាប់ក្របួចចោរស្រីខាងលើជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។
ករណីនេះ បានកើតឡើង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចទីតាំងកម្មវិធីប្រណាំងទូក ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីសង្ស័យ មានអាយុ៣៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកក្មេងរងគ្រោះ ទើបនឹងមានអាយុ ១ខួបកន្លះ មានម្តាយ អាយុ២៣ឆ្នាំ។ រីឯខ្សែកដែលជនសង្ស័យកាត់យក ជាខ្សែកប្លាទីន មានទម្ងន់១ជីកន្លះ។
ប្រភពដដែល បន្តថា ស្ត្រីសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាកម្លាំចម្រុះ បង្ក្រាបនិងឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពកាត់ខ្សែកក្មេងតូចម្នាក់ ដែលម្តាយកំពុងពជាប់ដៃ ចូលរួមកម្សាន្តក្នុងម្មវិធីប្រណាំងទូក នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ប្រភពខាងលើ បញ្ជាក់ថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានពកូនតូចរបស់ខ្លួន អាយុទើបនឹង ១ខួបកន្លះ មកដើរលេងកម្សាន្តក្នុងពិធីប្រណាំងទូក ស្រាប់តែក្រោយមក ត្រូវបានស្ត្រីសង្ស័យខាងលើ បានធ្វើសកម្មភាពកាត់យកខ្សែកពីកូនតូច តែភ្លាមនោះ ត្រូវស្ត្រីជាម្តាយ ប្រទះឃើញទាន់ ស្រែកឆោឡោ និងចាប់ក្របួចស្ត្រីសង្ស័យជាប់ រួចប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់តែម្តង៕