ភ្នំពេញ ៈ ស្ត្រី ចំនួន២នាក់ ក្នុងនោះ មានម្នាក់កំពុងមានផ្ទៃពោះ បានជិះម៉ូតូកង់បី ១គ្រឿងតាមផ្លូវ ដោយអង្គុយចុចទូរស័ព្ទផង ស្រាប់តែរំពេចនោះ លេចមុខក្រុមជនសង្ស័យ ១ក្រុម ជិះម៉ូតូ ២គ្រឿង បានអែបសងខាងម៉ូតូកង់បី រួចធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច តែអ្នកបើកម៉ូតូកង់បី ព្យាយាមកាច់ចង្កូចគេច បណ្តាលឱ្យក្រឡាប់ រងរបួសទាំង៣នាក់ (អ្នកបើកកង់បី និងភ្ញៀវស្រី២នាក់)។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចមុខខ្លោងទ្វារបុរីពិភពថ្មី តាមបណ្តោយផ្លូវណតប៊្រីដ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
តាមសម្តីបុរសជាអ្នកបើកម៉ូតូកង់បី ដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដឹកភ្ញៀវស្ត្រី ចំនួន២នាក់ ដោយក្នុងចំណោមនោះ មានម្នាក់កំពុងមានផ្ទៃពោះ ធ្វើដំណើរបណ្តោយផ្លូវណតប៊្រីដ ក្នុងទិសដៅពីត្បូង មកជើង ខណៈមកដល់ ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ១ក្រុម ជិះម៉ូតូ២គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានអែបម៉ូតូមកអមសងខាងម៉ូតូកង់បីរបស់គាត់ ហើយធ្វើសកម្មភាពលូកដៃឆក់ទូរស័ព្ទដៃស្ត្រីរងគ្រោះ (ស្ត្រីពោះធំ)។ ឃើញដូច្នេះ គាត់កាច់ចង្កូតម៉ូតូកង់បី ទាញមកវិញ ទើបបណ្តាលឱ្យ ក្រឡាប់កង់បី និងធ្វើឱ្យគាត់រងរបួស ចំណែកស្ត្រីទាំងពីរនាក់ មិនមានរងរបួសអ្វីធ្ងន់នោះទេ។ ដោយឡែក ក្រុមជនសង្ស័យ បានយកទូរស័ព្ទរបស់ស្ត្រីរងគ្រោះ ១គ្រឿង បានសម្រេច ម៉ាក iPhone 11pro រួចគេចខ្លួនបាត់ស្រមោលអស់ភ្លាមៗ។
ក្រោយកើតហេតុ ស្ត្រីទាំងពីរនាក់ក៏បានទូរស័ព្ទហៅប្តីមកដឹកចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែអ្នកបើកម៉ូតូកង់បី រងរបួស និងខូចខាតម៉ូតូកង់បីយ៉ាងដំណំ ត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីស្រាវជ្រាវតាមរកមុខក្រុមជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕