Friday, November 15, 2024
Homeព័ត៌មានជាតិចោរប្លន់ម៉ូតូ ប្រើដុំថ្ម គប់បែកក្បាល វ៉ៃបាក់ជើង

ចោរប្លន់ម៉ូតូ ប្រើដុំថ្ម គប់បែកក្បាល វ៉ៃបាក់ជើង

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម មានគ្នា ៧នាក់ ប្រដាប់ដោយដុំថ្ម បានជិះម៉ូតូចំនួន ៤គ្រឿង ដេញតាមវាយប្លន់ម៉ូតូពីយុវជន ២នាក់ បណ្តាលឱ្យបែកក្បាល បាក់ជើង រួចព្យាយាមប្លន់យកម៉ូតូពីជនរងគ្រោះ តែមិនបានសម្រេច ដោយជនរងគ្រោះស្រែកចោរ!ៗ គាប់ជួនមានសមត្ថកិច្ច ល្បាតក្បែរនោះ ប្រទះឃើញ ចេញអន្តរាគមន៍ ចាប់ក្របួចជនសង្ស័យបានម្នាក់ ខណៈដែលបក្ខពួក ៦នាក់ទៀត បានរត់គេចបាត់អស់។

ករណីប្រើដុំថ្មគប់ វាយប្លន់ម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខឃ្លាំងលេខ៣៦៦ ស្ថិតក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះទី១- មានឈ្មោះហាក់ សុខហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករអារឈើ និងទី២- ឈ្មោះសាន់ ស៊ីម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករអារឈើ។ ទាំង២នាក់ ស្នាក់នៅឃ្លាំងលេខ៣៦៦ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណេកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្រស់ ទុនបញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

របាយការណ៍ដដែល បន្តថា មុខពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1HW-8373 មកឈប់មុខឃ្លាំងកើតហេតុ ស្រាប់តែរំពេចនោះ មានជនសង្ស័យ ៧នាក់ ឈ្មោះស្រស់ ទុនបញ្ញា ឈ្មោះហ៊ាង ឈ្មោះប៉ោ ឈ្មោះនៅ និងបក្ខពួក ៣នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ៤គ្រឿង តាមពីក្រោយ រួចនាំគ្នាយកដុំថ្មគប់ និងវាយជនរងគ្រោះឈ្មោះសាន់ ស៊ីម បណ្តាលឱ្យពកសៀតផ្កាខាងឆ្វេង និងបាក់ស្មងជើងខាងស្តាំ ចំណែកជនរងគ្រោះឈ្មោះហាក់ សុខហុង ត្រូវជនសង្ស័យទះ ១កំផ្លៀង។ ពេលនោះជនរងគ្រោះទាំង២នាក់ បានស្រែកចោរ!ៗ ក៏ត្រូវបានសមត្ថកិច្ចល្បាតក្បែរនោះ ជួយអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះស្រស់ ទុនបញ្ញា រួចហើយក៏មានប្រជាពលរដ្ឋនាំគ្នាព្រួតវាយជនសង្ស័យឱ្យរងរបួសផងដែរ។ ចំណែកជនសង្ស័យ ៦នាក់ទៀត ឃើញសភាពមិនស្រួល បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ភ្លាមៗ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ កំណត់មុខសញ្ញាបក្ខពួកដែលនៅសេសសល់ និងស្វែងរកចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕

RELATED ARTICLES