Saturday, April 20, 2024
Homeព័ត៌មានជាតិចៅស្រីប្រាប់យាយឈឺប្រដាប់ភេទ ធ្លាយប្រុសប្រើដៃរំលោភ

ចៅស្រីប្រាប់យាយឈឺប្រដាប់ភេទ ធ្លាយប្រុសប្រើដៃរំលោភ

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីតូចម្នាក់ បានដើរទៅអង្គុយលេងនៅផ្ទះអ្នកជិតខាង ស្រាប់តែត្រូវបុរសជាម្ចាស់ផ្ទះ ឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពចាប់សម្រាតខោក្មេងស្រីចេញ រួចប្រើដៃស្ទាបនិងរុកប្រដាប់ភេទក្មេងស្រីរងគ្រោះ ធ្វើឲ្យរងការឈឺចាប់ ហើមប្រដាប់ភេទ ក៏ទួញយំ រត់ទៅប្រាប់ជីដូន និងឈានដល់ការដាក់ពាក្យបណ្តឹង ចាប់វាយខ្នោះជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសល្មោភកាម ប្រើដៃរំលោភក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅចំណុចផ្សារអគ្គៈ ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លុះមកដល់វេលាម៉ោង ៩និង៣៩នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបរឿងរ៉ាវបានបែកធ្លាយ និងឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះណូ ដែន អាយុ៤២ឆ្នាំ រស់នៅម្តុំផ្សារអគ្គៈ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ទ.វ.ណ អាយុ៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ មន្ត្រីជំនាញអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបានពាក្យបណ្តឹងពីឈ្មោះ ឈ.ថ.វ ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាជីដូន របស់ក្មេងស្រីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះណូ ដែន ដែលជាអ្នករស់នៅក្បែរខាងគ្នា ថាបានចាប់រំលោភចៅស្រីរបស់គាត់ ជាអនីតិជន ដែលទើបនឹងមានវ័យ៤ឆ្នាំប៉ុណ្ណោះ។

តាមពាក្យបណ្តឹងរបស់ស្ត្រីជាជីដូនក្មេងស្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលចៅស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) បានដើរទៅអង្គុយលេងនៅផ្ទះរបស់ជនសង្ស័យ ដូចសព្វដង ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពចាប់សម្រាតខោចៅស្រីរបស់គាត់ចេញ រួចយកទឹកមាត់លាបលើប្រដាប់ភេទនាង ហើយយកម្រាមដៃរុកចូល បង្កឱ្យចៅស្រីរបស់គាត់ឈឺចាប់ប្រដាប់ភេទជាខ្លាំង។ រហូតដល់២ថ្ងៃក្រោយមក ចៅស្រីគាត់មានអាការហើមប្រដាប់ភេទ ឈឺចាប់ខ្លាំង ទ្រាំមិនបាន ក៏ទម្លាយរឿងប្រាប់គាត់ជាជីដូន ទើបឈានដល់ការដាក់ពាក្យ បណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លនជនសង្ស័យ ឈ្មោះណូ ដែន កាលពីវេលាម៉ោង ៩និង៣៩នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្សារអគ្គៈ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ ជនសង្ស័យឈ្មោះណូ ដែន បានឆ្លើយសារភាពថា នៅវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខ្លួនពិតជាបានប្រព្រឹត្តដូចខាងលើប្រាកដមែន ពេលដែលក្មេងរសីរងគ្រោះ ចូលមកលេងក្នុងផ្ទះរបស់ខ្លួន។

ក្រោយពីស្តាប់ការរៀបរាប់របស់កុមារីរងគ្រោះ និងតាមការស្តាប់ចម្លើយរបស់ជនសង្ស័យ និងតាមការធ្វើកោសល្យវិច័យរបស់នីតិពេទ្យផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

 ជនសង្ស័យឈ្មោះ ណូ ដែន ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES